ក្រសួងការបរទេស ប្រកាសបណ្តេញសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta ២២រូប ចេញពីកម្ពុជា ក្នុងរយៈពេល៤៨ម៉ោង

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសបណ្តេញ​សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platforms Inc. ចំនួន២២នាក់ចេញពី​កម្ពុជា ដោយ​ទុករយៈពេល​ត្រឹម៤៨ម៉ោង។

យោងតាមសេចក្តីប្រកាសព័ត៌មាន នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រសួងការបរទេស​បានលើក​ឡើងថា អនុសាសន៍របស់ក្រុមប្រឹក្សាភិបាល ត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ឱ្យផ្អាកជាបណ្ដោះអាសន្ន ចំពោះគណនី Facebook ផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានលក្ខណៈនយោបាយ។ អនុសាសន៍នេះមានចេតនារារាំង សេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានព័ត៌មានពិត ពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត។

ក្នុងស្មារតីនៃការអនុវត្តយ៉ាងម៉ឹងម៉ាត់ ចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព និងដើម្បីទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Plat forms Inc. ជាបុគ្គលដែលមិនអាចទទួលយកបាន (PER SONA NON GRATA)។

ក្រសួងការបរទេសបានរាយនាមបុគ្គលជាបុគ្គលិកក្រុមហ៊ុន Meta ទាំង​២២រូប ដោយ​បញ្ជាក់ថា ពួកគេត្រូវបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយពួកគេ ត្រូវចាកចេញពីទឹកដីកម្ពុជា ក្នុងរយៈពេល ៤៨ម៉ោងគិតចាប់ពីកាលបរិច្ឆេទចេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close