ក្រសួងមហាផ្ទៃព្រមានជាថ្មីចំពោះគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចី ដែលយកអត្តសញ្ញាណប័ណ្ណជាគ្រឿងបញ្ចាំ
ដោយសារការពិនិត្យឃើញថា កន្លងមកក៏ដូចជាពេលបច្ចុប្បន្ន មានប្រជាពលរដ្ឋមួយចំនួនបានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី ជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុ ជាពិសេសប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។ ការណ៍នេះកន្លែងទទួលបញ្ចាំ ឬជាមួយហាងលក់ទំនិញប្រើប្រាស់នានា ដែលបានអនុវត្តមិនត្រឹមត្រូវតាមក្រមរដ្ឋប្បវេណី បទប្បញ្ញតិនានា និងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាឯកសារផ្លូវការមួយសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណបុគ្គលម្នាក់ៗ ដែលមានសញ្ញាតិខ្មែរ ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋខ្មែរសម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការស្នើសុំសេវានានា ក៏ដូចជាការអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋខ្មែរ។ ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុកជាវត្ថុបញ្ចាំ សម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី គឺជាឧបសគ្គដែលធ្វើឱ្យប្រជាពលរដ្ឋរូបនោះមិនអាចប្រើប្រាស់នូវសិទ្ធិស្នើសុំការផ្តល់សេវាផ្សេងៗស្របតាមច្បាប់ ដើម្បីទទួលអត្ថប្រយោជន៍ពីសេវាទាំងនោះ។
ក្នុងគោលដៅធានាដល់ការអនុវត្តសិទ្ធិ និងផលប្រយោជន៍នានាជូនប្រជាពលរដ្ឋខ្មែរ ជាពិសេសការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់យកទៅប្រើប្រាស់ក្នុងការបោះឆ្នោត ក្រសួងមហាផ្ទៃ បានការណែនាំដល់គណៈអភិបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាប្រធានគណៈកម្មការដឹកនាំជំរុញផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល រាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្តនូវកិច្ចការមួយចំនួនដូចខាងក្រោម៖
១. ត្រូវវបង្កើតក្រុមការងារមួយដើម្បីចុះស្រង់ និងរៀបចំបញ្ជីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទ ក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ដែលមានប្រជាពលរដ្ឋ បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំ សម្រាប់ធានាលើការផ្តល់ឥណទាន ឬកម្ចី និងដកយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមមកវិញ ហើយថតចម្លងអត្តសញ្ញាណប័ណ្ណទាំងនោះ និងធ្វើការបញ្ជាក់លើភាពត្រឹមត្រូវ រួចប្រគល់ឯកសារថតចម្លងនោះជូនទៅសាមីគ្រឹះស្ថាន ហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ ហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួល បញ្ចាំទាំងនោះវិញ។
២. ត្រូវប្រគល់អត្តសញ្ញាណប័ណ្ណដែលបានដកហូតពីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធ ឬក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់ ឬកន្លែងទទួលបញ្ចាំ ជូនប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់អត្តសញ្ញាណប័ណ្ណវិញ។
៣. ត្រូវចុះណែនាំជាប្រចាំដល់គ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករកម្ចីជនបទទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ និងហាងលក់ទំនិញប្រើប្រាស់នានា ឬកន្លែងទទួលបញ្ចាំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអំពី ការហាមឃាត់ចំពោះការយកអត្តសញ្ញណប័ណ្ណសញ្ជាតិខ្មែរ ជាវត្ថុបញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន ពិសេសលិខិតលេខ ៧ ០២៣ ១២២ សជណ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា ស្តីពីការហាមឃាត់ទទួលយកអត្តសញ្ញាណបណ្ណ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅសម្រាប់ការធានាលើការផ្តល់ឥណទាន។
៤. ក្នុងករណីរកឃើញថា មានគ្រឹះស្ថានហិរញ្ញវត្ថុ ឬប្រតិបត្តិករកម្ចីជនបទក្នុងប្រព័ន្ធណានៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលផ្ទុយទៅនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា រដ្ឋបាលរាជធានី ខេត្ត ត្រូវជូនដំណឹងទៅធនាគារជាតិនៃកម្ពុជា ដើម្បីដាក់ទណ្ឌកម្មស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ឬរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណនោះស្របតាមបែបបទ និងនីតិវិធីដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន ក្នុងករណីដែលអាជ្ញាបណ្ណនោះត្រូវបានផ្ដល់ឱ្យដោយអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត ខ្លួន។
៥. ក្នុងករណីរកឃើញថា មានប្រតិបត្តិករកម្ចីជនបទក្រៅប្រព័ន្ធ ឬហាងលក់ទំនិញប្រើប្រាស់នានា ឬកន្លែងទទួលបញ្ចាំណានៅតែបន្តយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរសម្រាប់ការធានាលើការផ្តល់ឥណទាន រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការផ្អាកអាជីវកម្មនោះ ស្របតាមបែបបទ និងនីតិវិធី ដែលស្ថិតនៅក្នុងសិទ្ធិអំណាចរបស់ខ្លួន។
៦. ត្រូវសហការយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំឱ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយ និងរូបភាព សំដៅលើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជាពិសេសយោងតាមស្មារតីនៃមាត្រា១២៩ (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) នៃច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានចែងអំពី ការមិនអនុញ្ញាតឱ្យយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរធ្វើការផ្ទេរពីបុគ្គលមួយទៅបុគ្គលមួយទៀត ឬយកទៅបង្កើតសិទ្ធិប្រាតិភោគប្រត្យក្ស (បញ្ចាំ)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។