សម្តេចតេជោ អំពាវនាវដល់ប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែន កុំប្រើប្រាស់គ្រាប់បែកចង្កោម

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើការអំពាវនាវ​ទៅ​ដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏​ដូចជា​ប្រធានាធិបតី នៃប្រទេស​អ៊ុយក្រែន កុំ​ឱ្យ​ប្រើប្រាស់គ្រាប់បែកចង្កោម នៅ​ក្នុង​សង្រ្គាម​ជាមួយ​ប្រទេស​រុស្ស៊ី។

សម្តេចតេជោ​លើក​ឡើងថា​ ប៉ុន្មានថ្ងៃមកនេះមានការផ្សាយព័ត៌មានយ៉ាងច្រើនថាសហរដ្ឋអាមេរិកនឹងផ្តល់ គ្រាប់បែកចង្កោមឲ្យទៅ អ៊ុយក្រែន ដើម្បីប្រយុទ្ធជាមួយកងទ័ពរុស្ស៉ី។ សម្តេចថា ប្រសិនរឿងនេះវាជាការពិតមែនវានឹងក្លាយទៅជាគ្រោះថ្នាក់ធំបំផុត សម្រាប់ប្រជាជនអ៊ុយក្រែនរាប់សិបឆ្នាំ ឬដល់រយ ឆ្នាំទៀតផង ប្រសិនគ្រាប់បែកចង្កោមនេះយកទៅប្រើប្រាស់ក្នុងតំបន់ដែលរុស្ស៉ីកាន់កាប់ក្នុងទឹកដីអ៊ុយក្រែន។

បទពិសោធន៍ឈឺចាប់របស់កម្ពុជា ដែលទទួលការទម្លាក់គ្រាប់បែកចង្កោមពី អាមេរិកនាដើមទស្សវត្តរ៍១៩៧០ មកដល់ពេលនេះជាងកន្លះសតវត្សរ៍ហើយនៅមិនទាន់រកវិធីបំផ្លាញចោលអស់នៅឡើយ។

ខ្ញុំដឹងច្បាស់ថាប្រទេសកម្ពុជាតូចហើយទន់ខ្សោយសម្លេងគ្មានទម្ងន់តែដោយក្តី អាណិតប្រជាជនអ៊ុយក្រែន ខ្ញុំសូមអំពាវនាវប្រធានាធិបតីអាមេរិក ដែលជាអ្នកផ្តល់និងប្រធានាធិបតីអ៊ុយក្រែនដែល ជាអ្នកទទួលសូមមេត្តាកុំប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្រ្គាមនេះព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close