កំពង់ផែ​ទេសចរណ៍​ថ្មី នៅ​ខេត្ត​ព្រះសីហនុ នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវទេសចរ​បន្ថែមទៀត

​ព្រះសីហនុ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ កាលពី​ចុង​សប្តាហ៍​កន្លងទៅ បាន​អញ្ជើញ​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដែលជា​កំពង់ផែ​ដ៏​ធំ​មួយ​ដែល​អាច​ចេញចូល​អូប័រ​ទេសចរណ៍​តូចធំ ២០​គ្រឿង​ក្នុងពេល​តែមួយ និង​ជាទី​ចំណត​ដ៏​សុវត្ថិភាព​តែមួយគត់ ស​ក្កិ​សមជា​កំពង់ផែ​ទេសចរ​ណ៍ដ៍​មាន​សក្តានុពល​ប្រចាំខេត្ត​ព្រះសីហនុ និង​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ភ្ញៀវ​ទេចរ​ទាំង​ជាតិ និង​អន្តរជាតិ​។​

​បើតាម​អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ដោយមាន​ការជំរុញ​និង​លើកទឹកចិត្ត​ពី​រដ្ឋបាលខេត្ត លើ​វិស័យ​ទេសចរណ៍​ផ្លូវទឹក និង​ទទួលបាន​ការអនុញ្ញាត​ពី​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក អគ្គនាយក​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO.LTD បានទទួល​សិទ្ធ​វិនិយោគ​ពី​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ ដែល​ស្ថិតនៅ​ច្រក​ទី​១ លើ​ផ្ទៃដី ប្រមាណ ២២,០០០​ម៉ែត្រ​ការេ និង​មាន​កំពង់ផែ​ដែល​អាច​ចេញចូល អូប័រ​ទេសចរណ៍​តូចធំ ២០​គ្រឿង​ក្នុងពេល​តែមួយ​។ កំពង់ផែ​មួយ​នេះ​គឺជា​ទី​ចំណត​ដ៏​សុវត្ថិភាព​តែមួយគត់ ដែលមាន​លក្ខណៈសម្បត្តិ​ពេញលេញ ស​ក្កិ​សមជា​កំពង់ផែ​ទេសចរ​ណ៍ដ៍​មាន​សក្តានុពល​ប្រចាំខេត្ត​ព្រះសីហនុ​។​ ​កំពង់ផែ​ទេសចរណ៍​នេះ​គឺជា​ផ្នែក​មួយ​ដើ​តួយ៉ាង​សំខាន់​ក្នុងការ​លើកស្ទួយ​ដល់​វិស័យ​ទេសចរណ៍​តាម​បណ្តា​កោះ​ក្នុង​ខេត្ត​ព្រះសីហនុ​ផងដែរ​។​

​ឯកឧត្ដម គួច ចំរើន ក៏បាន​ស្នើសុំ​ការគាំទ្រ​ពី​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លើក​ការរៀបចំ​កំពង់ផែ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ទៅជា​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ភ្ញៀវទេសចរ​មកពី ថៃ និង​វៀ​មណា​ម និង​លំហូរ​ពី​បណ្តា​ប្រទេស​ដ៏ទៃទៀត​ឱ្យមាន​ការផ្លាស់ប្តូ​រទេស​ចរ​ទៅមក​ផងដែរ​។ ដោយ​លោក​អះអាងថា នាពេល​កន្លងមក​ខេត្ត​ព្រះសីហនុ មិនទាន់មាន​កំពង់ផែ​ទេសចរណ៍​ខ្នាត​អន្តរជាតិ​នៅឡើយ​ទេ ដោយ​លោក​គ្រោង​ស្នើសុំ​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​កំពង់ផែ​នេះ​ឱ្យ​ក្លាយជា​កំពង់ផែ​ខ្នាត​អន្តរជាតិ​នា​ទឹកដី​ក្រុងព្រះសីហនុ​នាពេលខាងមុខ​ផងដែរ​។​

​នាឱកាស​នោះ​ឯកឧត្ដម ថោង ខុន បានឱ្យដឹងថា កំពង់ផែ​ទេសចរណ៍​នេះ​គឺជា​សម្បទា​ទេសចរណ៍​ដ៏​សំខាន់​មួយ​ដែល​នឹង​ផ្តល់នូវ​ភាពងាយស្រួល សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​ជូន​ដល់​ភ្ញៀវទេសចរ មកពី​គ្រប់ទិសទី ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​បង្កើត​ឱកាស​ការងារ និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកស្ទួយ​ដល់​វិស័យ​ទេសចរណ៍ តាម​បណ្តា​កោះ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កំសាន្ត​កាន់តែច្រើន​ថែមទៀត​។ វិស័យ​ទេសចរណ៍​«​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​» ជា​វិស័យ​អាទិភាព​មួយ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំណើន​ម៉ាក្រូសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម សំដៅ​ជំរុញ​ការធ្វើ​ពិពិធ​កម្ម សេដ្ឋកិច្ច និង​ធ្វើឱ្យមាន​ការប្រែប្រួល​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ពាក់ព័ន្ធ ពិសេស​ជំរុញឱ្យមាន​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។​

​ឯកឧត្ដម ថោង ខុន ក៏បាន​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា កំពង់ផែ​ទេសចរណ៍ និង​សម្បទា​ទ្រទ្រង់​នៅទីនេះ​នឹងមិន​ត្រឹមតែ​ជា​សម្បទា​ទេសចរណ៍​ដ៏​សំខាន់​មួយ ដែល​នឹង​ផ្តល់នូវ​ភាពងាយស្រួល សុវត្ថិភាព សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​ជូន​ដល់​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី រួមចំណែក​លើកស្ទួយ​ដល់​វិស័យ​ទេសចរ​ណ៍ត​ភ្ជាប់​ទៅតាម​បណ្តា​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក្នុងការ​បម្រើ​និង​ផ្តល់​សេវាកម្ម​ទេសចរណ៍​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​, បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​, និង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកកាន់​កម្ពុជា​និយាយ​ជារួម និង​មកកាន់​ខេត្ត​ព្រះសីហនុ និយាយ​ដោយឡែក​ឱ្យ​មកលេង​កំសាន្ត​កាន់តែច្រើន និង​ពន្យា​ការ​ស្នាក់នៅ​កាន់តែ​យូរថ្ងៃ​ថែមទៀត​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close