ឆមាស​ទី​១​ឆ្នាំ​២០២៣ ភ្ញៀវ​អន្តរជាតិ​មកលេង​កម្ពុជា ២.៥៧​លាន​នាក់

​ភ្នំពេញ​៖ ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៣ ចាប់ពី​ខែមករា​ដល់​ឆ្នាំ​មិថុនា កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ ២.៥៧​លាន​នាក់ ក្នុងចំណោម​ភ្ញៀ​ង​ទេសចរ​សរុប​សរុប​ចំនួន​១១.១​លាន​នាក់​។ នេះ​បើតាម​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​មានប្រសាសន៍​។​

​ឯកឧត្ដម ថោង ខុន បាន​បញ្ជាក់ថា «​ទេសចរ​អន្តរជាតិ​ចូលមក​ទស្សនា​កម្ពុ​ជាមាន​ប្រមាណ ២.៥៧​លាន​នាក់ កើនឡើង ៤០៩% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២»​។ ក្នុងនោះ​ផ្លូវអាកាស​មាន​ចំនួន ៩១​ម៉ឺន​នាក់ កើនឡើង ២៧៩% ផ្លូវគោក​មាន​ចំនួន ១.៦៣​លាន​នាក់ កើនឡើង ៥២៦% និង​ផ្លូវទឹក​មាន​ចំនួន ៣​ម៉ឺន​នាក់ កើនឡើង ៥៨៦%​។ ចំពោះ​ប្រភព​ទីផ្សារ​សំខាន់ៗ​មាន​៖ ថៃ វៀតណាម ចិន ឡាវ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ឥណ្ឌូណេស៊ី បារាំង ចក្រភព​អង់គ្លេស ម៉ាឡេស៊ី និង​អូស្ដ្រាលី​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​បន្តថា ជើងហោះហើរ​អន្តរជាតិ​ចូល​សរុប​១០,៦៣៥​ជើង ក្នុងនោះ​៖
– អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ (PNH) ៧,៩៥៣​ជើង​
– អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប (REP ២,៤២៧​ជើង​
– អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ (KOS) ២៥៥​ជើង​។​

​ឯកឧត្ដម​បន្តទៀតថា យោងតាម​ការព្យាករណ៍​ចុងក្រោយ​នៅ​ឆ្នាំ​២០២៣​នេះ កម្ពុជា​អាច​ទទួលបាន​ទេសចរ​អន្តរជាតិ​ប្រមាណ​៥​លាន​នាក់ កើនឡើង ១២០% ធៀប​នឹង​ឆ្នាំ​២០២២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close