ប្រជាជន ១៥​នាក់​ស្លាប់ ក្នុង​គ្រោះទឹកជំនន់ នៅ​ប្រទេស​ឥណ្ឌា​

​ក្រុមមន្ត្រី​នៅក្នុង​ប្រទេស​ឥណ្ឌា បានឱ្យដឹង​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា មនុស្ស​យ៉ាងហោច ១៥​នាក់ បាន​ស្លាប់​នៅក្នុង​គ្រោះទឹកជំនន់ និង​ការ​រអិល​បាក់​ដី បង្ក​ឡើយ​ដោយ​ភ្លៀង​មូសុង ដែល​បាន​វាយប្រហារ​លើ​ភាគ​ខាងជើង​នៃ​ប្រទេស ខណៈ​រដ្ឋធានី​ញូ​វ​ដេលី​កំពុង​ទទួលរង​កម្រិត​ទឹកភ្លៀង​ខ្ពស់បំផុត មិន​ធ្លាប់មាន​ក្នុង​រយៈពេល​រាប់​ទសវត្សរ៍​មកនេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែកក្កដា ឆ្នាំ​២០២៣​។​

​ផ្លូវ​ជាច្រើន​នៃ​រដ្ឋធានី​ញូ​វ​ដេលី​បាន​ជន់​លិច​រហូតដល់​ជង្គង់ ជាមួយ​កម្រិត​ទឹកភ្លៀង​មាន​ដល់​ទៅ ១៥៣​មី​លី​ម៉ែត្រ ហើយ​នេះ​ជា​កម្រិត​ទឹកភ្លៀង​ខ្ពស់បំផុត ក្នុង​រយៈពេល ត្រឹមតែ​មួយថ្ងៃ គិត​ក្នុងពេល​៤០​ឆ្នាំ​មកនេះ​។ អាជ្ញាធរ​ឧតុនិយម​ឥណ្ឌា ក៏បាន​ព្រមាន​ដែរ​ថា​ភ្លៀង​ធ្លាក់​ខ្លាំង​អាច​នឹង​បន្ត​កើតមាន​មួយថ្ងៃ​ទៀត និង​តម្រូវឱ្យ​សាលារៀន ជាច្រើន​ក្នុង​រដ្ឋធានី​ញូ​វ​ដេលី​ត្រូវ​បិទទ្វារ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​។​

​គួរ​បញ្ជាក់ថា បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា មនុស្ស​យ៉ាងហោច ១៥​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ នៅក្នុង​រដ្ឋ​ចំនួន​៦ ស្ថិតនៅ​ភាគ​ខាងជើង នៃ​ប្រទេស​ឥណ្ឌា ហើយ​ក្នុងនោះ​រដ្ឋ ហ៉ី​ម៉ា​ចាល់ ប្រា​ដែ​ស (Himachal Pradesh) បាន​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ដោយមាន​មនុស្ស ៦​នាក់​បាន​ស្លាប់​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close