រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការបញ្ចៀស​ចរាច​រ​យាន្ដ​យន្ដ​គ្រប់​ប្រភេទ ក្នុង​ពិធី​សម្ពោធ​វិមាន​រំលឹក​ដល់​អ្នកស្លាប់​ក្នុង​សង្គ្រាមលោកលើកទី​១ នៅក្បែរ​ស្ថានទូត​បារាំង​

​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​រៀបចំ​ពិធី​សម្ពោធ​វិមាន​រំលឹក​ដល់​អ្នក​ដែល​ទទួលអនិច្ចកម្ម​ក្នុង​សង្គ្រាមលោកលើកទី​១ ពី​ឆ្នាំ​១៩១៤ ដល់​ឆ្នាំ​១៩១៨ «​រូប​ពីរ​» ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ឧទ្យាន​ឡេ​អូ​ប៉ូល សេ​ដា សេន​ហ្គ័​រ (​សួនច្បារ​មុខ​ស្ថានទូត​បារាំង​) ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

 

​ដើម្បី​ឲ្យ​កម្មវិធី​ខាងលើ​ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការបញ្ចៀស​ចរាច​រ​ជា​បណ្តោះអាសន្ន​យានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើដំណើរ​ឆ្លងកាត់​កំណាត់​មហាវិថី​ព្រះមុនីវង្ស ចាប់ពី​ផ្លូវ​លេខ​៨៤ ដល់​រង្វង់​មូល​កាំភ្លើង​កួច​កាណុង កំណាត់​ផ្លូវ​លេខ​៤៧ ចាប់ពី​ផ្លូវ​លេខខ​៨៤ ដល់​រង្វង់​មូល​កាំភ្លើង​កួច​កាណុង និង​ជុំវិញ​ទីតាំង​ប្រារព្ធ​ពិធី​ចាប់ពី​វេលា​ម៉ោង ០៥៖០០​នាទី រហូតដល់​បញ្ចប់​កម្ម​វិធី​។​

​អាស្រ័យហេតុនេះ សូម​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​តាមផ្លូវ​ខាងលើ​មេត្តា​ជ្រាប​យោគយល់​អធ្យាស្រ័យ និង​បញ្ចៀស​ការធ្វើដំណើរ​ឆ្លង​កាត់​ទីតាំង​ប្រារព្ធ​ពិធី​តាម​កាលបរិច្ឆេទ​ខាងលើ​ដោយ​អនុគ្រោះ​។ ផុត​រយៈពេល​បញ្ចៀស​ច​រាចរ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បើក​ឲ្យ​ចរាចរ​ជាធម្មតា​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close