ត្រឹមកន្លះឆ្នាំនេះ! មនុស្សស្លាប់ ៧៥៦នាក់ និងរបួសជាង ២ពាននាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងសរុបចំនួន ១ ៥៤៨លើក ក្នុងនោះគ្រោះថ្នាក់នៅពេលយប់៥៤ភាគរយ បណ្តាលឲ្យមនុស្សស្លាប់ ៧៥៦នាក់ និងរបួស ២ ០៧២នាក់ ក្នុងនោះរបួសធ្ងន់១ ៣៣២នាក់។
ចំពោះមូលហេតុដែលបង្កគ្រោះថ្នាក់រួមមានល្មើសល្បឿន ៣៩ភាគរយ បើកបរមិនគោរពសិទ្ធិ ២៥ភាគរយ បត់ ១០ភាគរយ មិនប្រកាន់ស្តាំ ៩ភាគរយ ប្រជែងគ្រោះថ្នាក់ ៧ភាគរយ កត្តាយានយន្ត ៤ភាគរយ ស្រវឹង ៣ភាគរយ ងងុយដេក ១ភាគរយ អាកាសធាតុ ១ភាគរយ និងភ្លើងសញ្ញា ១ភាគរយ។
ក្នុងចំណោមអ្នកស្លាប់មានអ្នកជិះម៉ូតូចំនួន ៨១ភាគរយ មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៧៣ភារយ។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ចំនួន ៤៥៨លើក ខេត្តព្រះសីហនុ ១២១លើក និងខេត្តពោធិ៍សាត់ ១០៤លើក ។
ឆមាសទី១ ឆ្នាំ២០២៣ ធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៦១លើក ស្មើ៤ភាគរយ (១ ៥៤៨/១ ៦០៩លើក) ចំនួនអ្នកស្លាប់ថយចុះ ១៨៦នាក់ ស្មើ២០ភាគរយ (៧៥៦/៩៤២នាក់) និងចំនួនអ្នករបួសថយចុះ ១៦៣នាក់ ស្មើ៧ភាគរយ (២.០៧២/២.២៣៥នាក់)។
សម្រាប់សកម្មភាពចរាចរណ៍លើផ្លូវល្បឿនលឿន ក្នុងឆមាសទី១នេះ មានយានយន្តឆ្លងកាត់សរុបចំនួនជិត២.៥លានគ្រឿង គ្រោះថ្នាក់កើតឡើង ១៤៣ករណី (យប់៥២លើក) ខូចខាតយានចំនួន ១៤៨គ្រឿង ស្លាប់ ០៣នាក់ របួស ៤៤នាក់ ក្នុងនោះរបួសធ្ងន់ ៧នាក់ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨១% មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៧៣%៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។