អ្នកស្លាប់កើនដល់ ៣៩នាក់ ក្នុងគ្រោះទឹកជំនន់នៅកូរ៉េខាងត្បូង
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) នៅថ្ងៃចន្ទនេះ បានបញ្ជាឱ្យក្រុមមន្ត្រីរបស់លោកទាំងអស់ប្រឹងប្រែងឱ្យអស់លទ្ធភាព តាម ដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយការបំផ្លិចបំផ្លាញដែលបង្កឡើងភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃកន្លងមកនេះ ខណៈចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងការរអិលបាក់ដី បានកើនដល់ ៣៩នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣។
ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារលើតំបន់ភាគកណ្ដាល និងភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមកម្ល៉េះ ក្នុងពេលរដូវភ្លៀងដែលចាប់ផ្ដើម កាលពីចុងខែមិថុនា បានឈានដល់ចំណុចកំពូល។ ក្រៅតែពីអ្នកស្លាប់ ក្រសួងមហាផ្ទៃកូរ៉េខាងត្បូងក៏បានរាយការណ៍ដែរថាមានមនុស្ស៩នាក់បាត់ខ្លួន និង៣៤នាក់ បានរងរបួស។
ដោយឡែក នៅក្នុងចំណោមអ្នកស្លាប់ មានសាកសពមនុស្ស១២នាក់ ត្រូវបានគេប្រទះឃើញនៅឯផ្លូវក្រោមដីមួយកន្លែងដែលត្រូវបានទឹកជំនន់ជន់លិច នៅក្នុងទីក្រុង ឆុងជូ (Cheongju) ស្ថិតនៅភាគកណ្ដាលនៃប្រទេសកូរ៉េខាងត្បូង ជាទីដែលរថយន្ដ១៦គ្រឿង ក្នុងនោះមានរថយន្ដក្រុងមួយគ្រឿងត្រូវបានជន់លិចកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍ កន្លងទៅ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំបន្ទាន់មួយថ្ងៃចន្ទនេះ លោក យូន ស៊ុកយុលបានបង្គាប់ឱ្យអាជ្ញាធរកូរ៉េខាងត្បូង បង្កើនកិច្ចខិតខំប្រឹងប្រែងផ្ដល់ជំនួយដល់ជនរងគ្រោះ និងសន្យា ថានឹងស្ដារការខូចខាតឡើងវិញ ក្នុងនោះរួមមានទាំងការចាត់ទុកតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេ ជាតំបន់ដែលនឹងត្រូវបានយកចិត្តទុកដាក់ជាពិសេស៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។