សមត្ថកិច្ច​ បំបែកសំណុំរឿងបោកប្រាស់ក្មេងស្រីជនជាតិចិនកំពុងសិក្សានៅជប៉ុនឲ្យមកកម្ពុជា ហើយបង្គាប់ឲ្យថតវីដេអូធ្វើដូចគេចាប់ជំរិត

អគ្គស្នងការដ្ឋាននគរបាលជាតិ ទើបតែបានបំបែកសំណុំរឿងដ៏ស្មុគស្មាញមួយ ពាក់ព័ន្ធការបោកប្រាស់ក្មេងស្រីជនជាតិចិនម្នាក់ ដែលកំពុងសិក្សានៅប្រទេសជប៉ុន ដើម្បីឲ្យមកប្រទេសកម្ពុជា រួចឧក្រិដ្ឋជនបង្គាប់ឲ្យក្មេងស្រីនោះ ថតវីដេអូដោយខ្លួនឯង ហើយបញ្ជូនឲ្យពួកគេដើម្បីពួកគេបញ្ជូនបន្ដទៅក្រុមគ្រួសារជនរងគ្រោះ ជំរិតទារប្រាក់ប្រមាណ១.៤លានដុល្លារ។

ប៉ុន្ដែការពិតក្មេងស្រីរងគ្រោះមិនត្រូវបានឧក្រិដ្ឋជនចាប់ជំរិតនោះទេ ពោលទាំងស្ដ្រីរងគ្រោះ និងឧក្រិដ្ឋជនមិនបានជួបគ្នាឡើយ ហើយក៏កាន់តែមិនដឹងទៀតថា ឧក្រិដ្ឋជនមានមូលដ្ឋាននៅទីណានោះដែរ ដោយគ្រាន់តែទំនាក់ទំនងតាមទូរស័ព្ទប៉ុណ្ណោះ។

ដើមហេតុនៃរឿងរ៉ាវនេះ ដោយសារឧក្រិដ្ឋជនបានទំនាក់ទំនងតាមឆាតទៅកាន់ស្ដ្រីរងគ្រោះ ដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយ ក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន ហើយបោកប្រាសស្ដ្រីរងគ្រោះថា នាងជាប់ពាក់ព័ន្ធករណីឆបោកប្រាក់។ ពេលនោះ ឧក្រិដ្ឋជនបានបង្គាប់បញ្ជាជាបន្ដបន្ទាប់ឲ្យនាងរងគ្រោះធ្វើតាមពួកគេ ដើម្បីអាចរួចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់ ហើយត្រូវរក្សាការសម្ងាត់ជានិច្ចសូម្បីតែក្រុមគ្រួសារក៏មិនអនុញ្ញាតឲ្យប្រាប់ដែរ។

ក្រោយមកឧក្រិដ្ឋជនបង្គាប់ឲ្យនារីរងគ្រោះ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដោយស្នាក់នៅក្នុងសណ្ឋាគារមួយកន្លែង រួចឲ្យនាងថតវីដេអូដោយខ្លួនឯង សម្ដែងដូចគេចាប់ជំរិត ហើយបញ្ជូនវីដេអូនោះទៅក្រុមឧក្រិដ្ឋជន។

នៅពេលទទួលបានវីដេអូរបស់នារីរងគ្រោះហើយនោះ ឧក្រិដ្ឋជនបានបញ្ជូនបន្ដទៅគ្រួសារនាង ដើម្បីជំរិតទារប្រាក់ចំនួន២០០លានយ៉េន (ប្រមាណ១.៤លានដុល្លារ) បន្ទាប់មកមានការចរចាតម្លៃត្រឹម ៣០លានយ៉េន (ប្រមាណ ២១ម៉ឺនដុល្លារ)។ ពេលនោះហើយទើបគ្រួសាររបស់នារីរងគ្រោះដែលនៅប្រទេសជប៉ុន បានប្ដឹងចូលមកកាន់ហ្វេសបុកផេក របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

តាមរយៈសន្និសីទសារព័ត៌មាន លោកឧត្តមសេនីយ៍ត្រី គី វណ្ណារ៉ា សមាជិកក្រុមការងារ Hotline ជនបរទេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបរាប់ថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នគរបាលជាតិកម្ពុជា បានទទួលព័ត៌មានតាមរយៈ គេហទំព័រហ្វេសប៊ុក របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានស្ត្រីម្នាក់ឈ្មោះ YI ជាជនជាតិចិនរស់នៅប្រទេសជប៉ុន បានស្នើសុំសមត្ថកិច្ចកម្ពុជាឲ្យជួយអន្តរាគមន៍ស្វែងរក និងសង្គ្រោះកូនស្រីរបស់គាត់ឈ្មោះ LAN អាយុ ១៩ឆ្នាំ ជានិស្សិតនៃសាកលវិទ្យាល័យក្នុងប្រទេសជប៉ុន ថាកំពុងត្រូវបានរងការចាប់ជំរិតនៅកម្ពុជា។

ការប្ដឹងស្នើសុំកិច្ចអន្តរាគមន៍ស្វែងរក និងសង្គ្រោះនេះ គឺធ្វើឡើងបន្ទាប់ពីស្ត្រីជាម្ដាយ បានបាត់ទំនាក់ទំនងជាមួយកូនស្រីរបស់គាត់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ហើយបន្ទាប់មកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ មានជនមិនស្គាល់អត្តសញ្ញាណបានខលទូរស័ព្ទប្រាប់ថា កូនស្រីគាត់កំពុងស្ថិតក្នុងដៃរបស់ពួកគេនៅប្រទេសកម្ពុជា អមជាមួយរូបថត និងវីដេអូ ហើយបានជំរិតទារប្រាក់ ២០០លានយ៉េន (ប្រមាណ ១.៤លានដុល្លារ) បន្ទាប់មកមានការចរចាតម្លៃត្រឹម ៣០លានយ៉េន (ប្រមាណ ២១ម៉ឺនដុល្លារ)។

ក្រោយទទួលបានប្ដឹងរបស់ស្ត្រីជាម្ដាយខាងលើ កម្លាំងសមត្ថកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការគ្នាស្រាវជ្រាវ ហើយជាលទ្ធផលបានស្វែងរកឃើញក្មេងស្រីនៅទីតាំងសណ្ឋាគារមួយកន្លែង ដោយស្នាក់នៅម្នាក់ឯង និងពុំមានស្ថានភាពរងគ្រោះនៃអំពីចាប់ជម្រិតអ្វីឡើយ។

តាមការសាកសួរដោយសមត្ថកិច្ច ក្មេងស្រីនេះបានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ មានជនមិនស្គាល់អត្តសញ្ញាណ បានខលចូលប្រាប់ថា គេជាសមត្ថកិច្ចនគរបាលនៃប្រទេសចិន កំពុងស៊ើបអង្កេតបទល្មើសលើនាង ព្រោះសមត្ថកិច្ចចាប់បានជនល្មើសម្នាក់ពាក់ព័ន្ធបទល្មើសឆបោកប្រាក់ ហើយប្រាក់ដែលឆបោកនោះ ត្រូវបានដាក់នៅក្នុងគណនីរបស់ក្មេងស្រីរូបនេះ។ នាងត្រូវបានគេគំរាមឲ្យរក្សាការសម្ងាត់ ដោយមិនត្រូវប្រាប់នរណាម្នាក់ឡើយ និងត្រូវសហការធ្វើតាមការណែនាំនានា បើពុំនោះទេនឹងត្រូវចាប់ខ្លួន ហើយមានបញ្ហាដល់គ្រួសារទាំងមូលតែម្ដង។

ក្មេងស្រីនេះត្រូវបានជនល្មើសណែនាំឲ្យធ្វើតាមមួយចំនួនរួមមាន៖

* ផ្ដល់គណនីបណ្ដាញទំនាក់ទំនង LINE ដែលប្រើក្នុងការទំនាក់ទំនងជាមួយម្ដាយឲ្យទៅពួកគេ ហើយគណនីនេះក្រោយមកត្រូវបានជនល្មើសប្រើបញ្ជូនរូបថត វីដេអូ និងជំរិតទារប្រាក់ពីស្ត្រីជាម្ដាយ

* រាល់ទំនាក់ទំនងជាមួយពួកគេ ត្រូវធ្វើតាមប្រព័ន្ធ YiChat (បណ្ដាញទំនាក់ទំនងគ្មានការគ្រប់គ្រងច្បាស់លាស់) ហើយត្រូវលុបសារទាក់ទងចោលរៀងរាល់ថ្ងៃ

* ឲ្យធ្វើការវេរប្រាក់ទាំងអស់ក្នុងគណនីចេញទៅឲ្យពួកគេ ដោយអះអាងថា ដើម្បីពិនិត្យភាពត្រឹមត្រូវ ហើយក្មេងស្រីរូបនេះបានវេរប្រាក់អស់ចំនួន ៧៥ម៉ឹនយ៉េន (ប្រមាណ ៥ពាន់ដុល្លារ)

* តម្រូវឲ្យនាងរកលុយបន្ថែម ៥លានយ៉េន (ប្រមាណ ៣ម៉ឺន ៥ពាន់ដុល្លារ) ដើម្បីដាក់ក្នុងគណនីហើយផ្ទេរទៅឲ្យពួកគេ ដើម្បីផ្ទៀងផ្ទាល់ភាពស្អាតស្អំ និងបញ្ចប់បញ្ហា

* ដោយសារមិនអាចរកប្រាក់តាមកំណត់បាន ជនល្មើសបានណែនាំឲ្យនាងធ្វើដំណើរមកកម្ពុជា ដោយរកកន្លែងស្នាក់នៅ ទិញថ្នាំលាបក្រចក (ពណ៌ក្រហម) កន្ត្រៃ ស្គុតរុំ រួចគូសធ្វើស្លាកស្នាមរងរបួស បន្ទាប់មករៀបចំថតវីដេអូដោយខ្លួនឯង សម្ដែងជាសកម្មភាពរងការបង្ខាំងចាប់ជំរិត ហើយបញ្ជូនវីដេអូទាំងនោះឲ្យទៅពួកគេដែលជាជនល្មើស។

បន្ទាប់ពីរកឃើញនារីរងគ្រោះហើយនោះ សមត្ថកិច្ចកម្ពុជាបានទំនាក់ទំនងទៅកាន់ក្រុមគ្រួសាររបស់នាងដែលរស់នៅប្រទេសជប៉ុន ដើម្បីមកទទួលកូនរបស់ខ្លួនត្រឡប់ទៅវិញ ដោយអះអាងថា នាងមិនត្រូវបានគេចាប់ជំរិតនៅប្រទេសកម្ពុជានោះឡើយ។ បច្ចុប្បន្នក្រោយបញ្ចប់ការងារជំនាញតាមនីតិវិធី សមត្ថកិច្ចបានប្រគល់នាងទៅគ្រួសារវិញ ហើយក៏បានចាកចេញពីប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close