គណៈប្រតិភូរុស្ស៊ី និងចិន ទៅដល់ប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមខួបទី៧០ឆ្នាំនៃទិវាជ័យជំនះ

គណៈប្រតិភូរុស្ស៊ីដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិលោកស៊ើជីសយហ្គូ (Sergei Shoigu) បានទៅដល់ប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមពិធីប្រារព្ធខួបលើកទី ៧០ នៃ “ទិវាជ័យជំនះ” នៅសប្តាហ៍នេះនៅក្នុងរដ្ឋកុម្មុយនិស្ត  ។

គណៈប្រតិភូរុស្ស៊ីបានចូលរួមជាមួយភាគីចិនដែលដឹកនាំដោយសមាជិកនៃគណៈកម្មការនយោបាយបក្សកុម្មុយនិស្តចិន លោកលីហុងចុង (Li Hongzhong) ដែលជាភ្ញៀវសាធារណៈលើកដំបូង នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ចាប់តាំងពីវត្តមាននៃជំងឺរាតត្បាតកូវីដ១៩ ។

សូមរំលឹកឡើងវិញថា កាលពីដើមឆ្នាំ ២០២០ ក្រោយរកឃើញថា ជំងឺកូវីដ១៩ កំពុងរីករាលដាលនៅក្នុងប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសជាច្រើនទៀត ប្រទេសកូរ៉េខាងជើង ក៏បានសម្រេចបិទព្រំដែនរបស់ខ្លួន ដោយបិទបញ្ចប់រាល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការទូត សូម្បីតែជាមួយដៃគូសេដ្ឋកិច្ច និងនយោបាយសំខាន់ៗរបស់ខ្លួន រួមមានប្រទេសចិន និងរុស្ស៊ីក៏ដោយ។ បន្ថែមពីនេះ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ក៏មិនបានបញ្ជាក់លម្អិតនោះដែរ ថាតើដំណើរទស្សនកិច្ចនេះ នឹងកត់សម្គាល់ការផ្លាស់ប្តូរណាមួយ នៅក្នុងគោលនយោបាយដែរឬយ៉ាងណា ។

កូរ៉េខាងជើង បានរៀបចំប្រារព្ធខួបស្តីពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ១៩៥៣ គឺដើម្បីរំលឹកដល់ខួបនៃការបញ្ចប់សង្គ្រាមជាមួយប្រទេសកូរ៉េខាងត្បូង។ គេក៏រំពឹងផងដែរថា ព្រឹត្តិការណ៍គម្រប់ខួបនេះ នឹងរួមបញ្ចូលការដង្ហែរក្បួនយោធាដ៏ធំមួយនៅក្នុងរដ្ឋធានីព្យុងយ៉ាង របស់ប្រទេសកូរ៉េខាងជើង ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close