មនុស្ស៤នាក់ដែលញុះញង់ឱ្យបំផ្លាញសន្លឹកឆ្នោតត្រូវ គ.ជ.ប សម្រេចលប់ឈ្មោះចេញពីបញ្ជីបោះឆ្នោត និងពិន័យពី១០ទៅ១៥លានរៀល

ក្រុមប្រឹក្សាជំនុំជម្រុះ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចតម្កល់សេចក្តី​ស​ម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រុះនៃគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត លើសំណុំរឿងលេខ០០១, លេខ០០២, លេខ ០០៣, លេខ០០៤ និងលេខ០០៥ ដោយ គ.ជ.ប សម្រេចលុបឈ្មោះបុគ្គល៤នាក់ចេញពីបញ្ជីបោះឆ្នោតរយៈពេល៥ទៅ១០ឆ្នាំ និងពិន័យម្នាក់ៗពី១០ទៅ១៥លានរៀល ពាក់ព័ន្ធនឹងការញុះញង់ឱ្យបំផ្លាញសន្លឹកឆ្នោត។

លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធានក្រុមប្រឹក្សាជំនុំជម្រុះ បានអានសេចក្តីសម្រេចលើសំណុំរឿងលេខ០០១ មានដើមបណ្តឹងឈ្មោះ លី ម៉េងហាំង នៅខេត្តត្បូងឃ្មុំ និងសំណុំរឿងលេខ០០៣ មានដើមបណ្តឹងឈ្មោះ ស៊ុន សុភា ភេទស្រី នៅខេត្តប៉ៃលិន ដោយក្រុមប្រឹក្សាជំនុំជម្រុះ គ.ជ.ប បានសម្រេចតម្កល់ និងពិន័យប្រាក់ក្នុងម្នាក់ៗចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិ​ឱ្យ​ឈ​រឈ្មោះឱ្យគេបោះឆ្នោត រយៈពេល១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។

សម្រាប់សំណុំរឿងលេខ០០២ មានដើមបណ្តឹងឈ្មោះ ខឹម មុនីកុសល ភេទប្រុស នៅខេត្តប៉ៃលិន ដោយក្រុមប្រឹក្សាជំនុំ​ជ​ម្រុះ​​គ.ជ.ប សម្រេចពិន័យប្រាក់ចំនួន ១៥លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យ​ឈរឈ្មោះឱ្យ​គេ​បោះឆ្នោត រយៈពេល ១០ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។ ​ដោយឡែក​សម្រាប់សំ​ណុំរឿង​លេខ០០៤ និងលេខ០០៥ មានដើមបណ្តឹងឈ្មោះ យ៉ាន សុឃឿន ភេទប្រុស នៅខេត្តត្បូងឃ្មុំ ដោយក្រុម​ប្រឹក្សាជំនុំជម្រុះ គ.ជ.ប បាន​សម្រេ​ចតម្កល់ និងពិន័យប្រាក់ចំនួន ១០លានរៀល ព្រមទាំងលុបឈ្មោះចេញពីញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈ​រឈ្មោះឱ្យ​គេបោះឆ្នោត រយៈពេល ០៥ឆ្នាំ ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងៗទៀត។

ប្រធាន គ.ជ.ប បានបញ្ជាក់ថា សេចក្តីសម្រេចនេះ ជំនុំជម្រះ និងប្រកាសជាសាធារណៈ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ចំពោះមុខដើមបណ្តឹងនៅ គ.ជ.ប និងមេធាវីតំណាងចុងចម្លើយនៅ គ.ជ.ប បើកផ្លូវប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញតា​មកំណ​ត់​ច្បាប់។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា៖ «ជាការពិតណាស់គណៈកម្មការស៊ើបអង្កេតមួយ ត្រូវបានបង្កើតឡើង​ហើយ​​ត្រូវបានរកឃើញយ៉ាងពិតប្រាកដមែន អ៊ឹចឹងការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រុះនៃនៃគណៈ​កម្មាធិការ​រៀបចំ​ការ​បោះ​​ឆ្នោត ក៏មានការពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់បន្ថែម, អង្គសវនកា គ.ជ.ប សម្រេចតម្កល់សេចក្តីសម្រេ​ចរ​បស់ក្រុ​ម​ប្រឹ​ក្សាជំនុំជម្រុះនៃគណៈកម្មការរៀបចំការបោះឆ្នោតរាជធានី-ខេត្ត ទុកជាបានការ»។ លោកបន្ថែមថា ការសម្រេច​តម្ក​ល់​ស​​ម្រេចរបស់ក្រុមប្រឹក្សា​ជំនុំជម្រុះនៃគ​ណៈកម្មកា​ររៀប​ចំកា​របោះឆ្នោតរាជធានី-ខេត្ត គឺមានន័យថារក្សាចំ​ពោះការពិ​ន័យ​បង់ប្រាក់ ក្នុងនោះពី ១០ ទៅ១៥លានរៀល ត្រូវលុប​ចេ​ញ​ពី​ប​ញ្ជីបោះឆ្នោត និងដកសិទ្ធិឱ្យឈរឈ្មោះឱ្យ​គេបោះឆ្នោត​ដែ​​លមានចែងនៅក្នុងច្បាប់។

សូមជម្រាបថា យោងតាមមាត្រា ១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃ​ទី​០​៤​​ខែកក្ក​​​ដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូស​បំ​ផ្លា​ញ​ស​ន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពី​ទោសព្រ​ហ្មទ​ណ្ឌ​ផ្សេ​ងទៀតឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close