ផ្លូវជាតិ​លេខ​៤ ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ដោយសារ​ជំនន់​ទឹកភ្លៀង​ហូរ​កាត់

ដោយសារ​ភ្លៀង​ជាប់ៗ​គ្នា​ជាច្រើន​ថ្ងៃ បង្ក​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ (១១៦-​១​១​៧​)​ ស្ថិតក្នុង​ភូ​មិ​សាស្ដ្រ​ឃុំ​បា​ក់​រ​ទេះ​ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ​អាជ្ញាធរ​ បាន​ផ្អាក​ជា​បណ្តោះ​អា​ស​ន្ន ប្រជាពលរដ្ឋដែល​ត្រូវ​ធ្វើដំ​ណើ​រ​​តាមផ្លូវ​ជាតិ​លេខ​៤ ត្រូវ​ផ្លាស់ប្ដូរ​ទិស​រក​ផ្លូវ​វាង​។

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថានភាពទឹ​កនៅ​ស្ទឹ​ង​សំរោង ក្នុងឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ផ្លូវជាតិលេខ០៤ ត្រង់គីឡូម៉ែត្រលេខ១១៦ ទឹក​បា​ន​ឡើងដល់កម្ពស់៥,៧៧ម៉ែត្រ/៦០០ម៉ែត្រ ដោយទឹកបានហូរកាត់ផ្លូវប្រវែងចន្លោះពី៥០ម៉ែត្រ ទៅ១០០ម៉ែត្រ ជាចំណុចជូនដំណឹងដល់ប្រជាពលរដ្ឋផ្អាកការធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន ដូច្នេះ ប្រជាពលរដ្ឋអាចប្រើប្រា​ស់ផ្លូ​វល្បឿនលឿនបណ្ដោះអាសន្នសិន ឬផ្លូវវៀសផ្សេងៗ។

ដោយឡែក នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះ​គីឡូម៉ែត្រ​លេខ (១០៧-១០៨) ជាប់​ព្រំប្រទល់​រវាង​ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច និង​ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​ និងត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ (១០៧-១០៨) អជ្ញាធរ​ក៏​បា​ន​សម្រេចបិទចរាចរណ៍បណ្តោះអាសន្នផងដែរ។​ ការ​បិទ​ចរាចរណ៍​ផ្លូវជាតិ​លេខ​៤ គឺ​ដើម្បី​ការពារ​កុំ​ឱ្យ​ខូចខាត​ផ្លូវ ព្រោះ​កាលណា​ទឹកជំនន់​ហូរ​លើផ្លូវ​បែបនេះ ធ្វើ​ឱ្យ​ជ្រាយ​គ្រឹះ​ផ្លូវ​បើ​មាន​ឡាន​ធំ​ទៅ​វា​អាច​ប៉ះពាល់​ធ្វើ​ឱ្យ​ខូច​ដល់​ផ្លូវ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close