ករណីបាញ់សម្លាប់បុរសជនជាតិវៀតណាមនៅផ្លូវ​៣៦០ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​១១នាក់

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី៣០ ខែកក្កដា បានចុះឡោមព័ទ្ធសណ្ឋាគារសូផៃ ស្ថិត​ក្នុង​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយ​ឃាត់ខ្លួនមនុស្សចំនួន១១នាក់ (ប្រុស០៧ស្រី០៤នាក់) នាំយកទៅក្រសួងមហាផ្ទៃ ដើម្បីសួរនាំពាក់ព័ន្ធករណីឃាតកម្មសម្លាប់បុរសជនជាតិវៀតណាមម្នាក់កាលពីរសៀលថ្ងៃទី២៩ កក្កដា នៅតាមបណ្តោយ​ផ្លូវលេខ៣៦០ ស្ថិត​ក្នុងខណ្ឌបឹងកេងកង។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ មានបុរសជនបរទេសម្នាក់ ត្រូវបានខ្មាន់កាំភ្លើងដកបាញ់សម្លាប់ភ្លាមៗនៅនឹងកន្លែងយ៉ាងអាណោចអាធ័ម បន្ទាប់ពីឈ្លោះទាស់ទែងខ្វែងគំនិតគ្នាមួយប្រាវ ។ ទន្ទឹមនឹងនោះ ជនរងគ្រោះបានដកកាំបិត ប៉ុន្តែភាគីជនសង្ស័យមានកាំភ្លើង ក៏បានដកបាញ់៤គ្រាប់ផ្ទួនៗ តែស្អុយមួយគ្រាប់ត្រូវចំ៣គ្រាប់ រួចនាំគ្នាឡើងរថយន្តរត់គេចខ្លួនបាត់ស្រមោលអស់ ស្ថិតនៅចំណុចផ្លូវ៣៦០ កែងផ្លូវ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យទាំង១១នាក់ ត្រូវបានបញ្ចូនទៅក្រសួងមហាផ្ទៃដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close