ADB ផ្តលប្រាក់កម្ចី១០០លានដុល្លារ សម្រាប់កម្ពុជាដោះស្រាយសមត្ថភាពកម្លាំងពលកម្ម
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB បានអនុម័តប្រាក់កម្ចីចំនួន១០០លានដុល្លារអាមេរិក ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និង កង្វះខាតជំនាញ។
ADB បញ្ជាក់ថា ការងារនេះនឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និង បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមជាមួយនឹងការចូលរួមពី វិស័យឯកជន។
លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា កម្មវិធីទីមួយនៃកម្មវិធីអភិវឌ្ឍន៍វិស័យជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត នឹងជួយប្រែក្លាយកម្ពុជា ទៅជាសេដ្ឋកិច្ចឧស្សាហកម្ម ដែលផ្អែកលើចំណេះដឹងនិងជំរុញដោយបច្ចេកវិជ្ជា តាមរយៈការពង្រឹង ធនធានមនុស្ស ដោយផ្តោតលើការលើកកម្ពស់បរិយាកាសអភិវឌ្ឍន៍ជំនាញរបស់ប្រទេស ផ្ដល់ការ បណ្តុះបណ្តាលប្រកបដោយបរិយាបន្ន ដែលនាំមុខដោយឧស្សាហកម្ម និងកៀរគរមូលនិធិបន្ថែមសម្រាប់ ការអភិវឌ្ឍជំនាញដែលផ្តោតលើតម្រូវការ។
ADB បន្តថា បញ្ហាប្រឈមសំខាន់ៗដែលជាឧបសគ្គដល់ប្រព័ន្ធអប់រំ និងបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជា គឺកង្វះកម្មវិធីអភិវឌ្ឍន៍ជំនាញជាក់លាក់ និងស៊ីជម្រៅសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០, ភាពមានកម្រិតនៃតួនាទីរបស់វិស័យឯកជនក្នុងការអភិវឌ្ឍជំនាញ និងនៃចក្ខុវិស័យអន្តរកម្ម របស់ ឧស្សាហកម្មនានា, និងការផ្តល់ហិរញ្ញប្បទាន និងភាពជាដៃគូមិនទាន់បានពេញលេញ ក្នុងការអភិវឌ្ឍ ជំនាញ។ ការរួមគ្នានៃបញ្ហាប្រឈមទាំងនេះ កំណត់ភាពអាចទទួលបានការងារធ្វើនិងផលិតភាព នៃ កម្លាំងពលកម្មបច្ចុប្បន្ន និងអនាគត ហើយអាចរារាំងប្រទេសកម្ពុជាក្នុងដំណាក់កាលក្រោយជំងឺរាតត្បាត ពីការធ្វើពិពិធកម្ម និងអន្តរកម្មទៅជាសេដ្ឋកិច្ចផ្អែកលើចំណេះដឹង កម្មវិធីជំនាញសម្រាប់សេដ្ឋកិច្ច នាពេល អនាគតនឹងជួយដោះស្រាយបញ្ហាប្រឈមទាំងនេះ។
ADB បានកត់សម្គាល់ថា មានអ្នកធ្វើការប្រមាណ៩លាននាក់ក្នុងទីផ្សារការងារនៅកម្ពុជា ដែលក្នុងនោះ មាន ស្ត្រី៤៩ភាគរយ នៃកម្លាំងពលកម្ម ហើយបើគិតត្រឹមឆ្នាំ២០២១ ប្រជាពលរដ្ឋកម្ពុជា៥៤ភាគរយ មានអាយុក្រោម៣០ឆ្នាំ ដែលនេះបង្ហាញពីឱកាសពិសេសមួយសម្រាប់ប្រទេស ក្នុងការបង្កើនការវិនិយោគ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនជំនាញសម្រាប់និយោជិតថ្មីចូលទៅក្នុងទីផ្សារការងារ និង លើកកម្ពស់ជំនាញរបស់និយោជិត ដែលកំពុងបំពេញការងារទៅតាមតម្រូវការឧស្សាហកម្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។