ឥទ្ធិពល​ព្យុះ​ទី​ហ្វុ​ង Khanun ធ្វើ​ឲ្យ​តៃវ៉ាន់ បិទ​អាជីវកម្ម និង​លុបចោល​ជើងហោះហើរ​

​តៃប៉ិ​៖ អាជីវកម្ម និង​សាលារៀន​នៅ​ភាគ​ខាងជើង​តៃវ៉ាន់ ត្រូវ​បិទ​ជា​បណ្តោះអាសន្ន​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ ហើយ​ក្រុមហ៊ុន​អាកាសចរណ៍​បាន​លុបចោល​ជើងហោះហើរ រាប់សិប​ជើង ខណៈ​ព្យុះ​ទី​ហ្វុ​ង​ខា​នុ​ន (Khanun) បោកបក់​កាត់​ភាគ​ឦសាន​របស់​កោះ​នេះ ចំពោះមុខ​ការព្រមាន​អំពី​ទឹកជំនន់ ក៏ដូចជា​ខ្យល់​បក់​ខ្លាំង​។ នេះ​បើ​យោង តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣ ខែសីហា ឆ្នាំ​២០២៣​។​

​ការិយាល័យ​ឧតុ​និ​មរ​បស់​តៃវ៉ាន់​បាន​ឲ្យ​ដឹងថា​ព្យុះ Khanun ដែល​ត្រូវបាន​ចាត់ថ្នាក់​ជា​កម្រិត​ខ្យល់ព្យុះ​ទី​ហ្វុ​ង​ខ្លាំង​បំផុត​ទី​ពីរ បានធ្វើ​ដំណើរ​ដោយ​សន្សឹមៗ​ឆ្ពោះទៅកាន់ ឆ្នេរសមុទ្រ​ភាគ​ឦសាន ជាមួយនឹង​កម្លាំង​ខ្យល់​អតិបរមា ១៩៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ គិត​ត្រឹម​ម៉ោង ៩ និង​១៥​នាទី​ព្រឹក (​ម៉ោង​នៅ​តៃប៉ិ​) សន្ទុះ​នៃ​ព្យុះ​ទី​ហ្វុ​ង ចម្ងាយ ៣៦០​គីឡូម៉ែត្រ​ពី​ទីក្រុង​តៃប៉ិ ក្នុង​សមុទ្រ​ចិន​ខាងកើត កំពុង​ឆ្ពោះទៅ​ទិស​ខាងលិច​ក្នុង​ល្បឿន​ប្រហែល ៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ទីក្រុង​ភាគ​ខាងជើង រួមទាំង​រដ្ឋធានី​តៃប៉ិ បាន​បិទ​អាជីវកម្ម និង​សាលារៀន​។ ទីផ្សារ​ជួញដូរ​ភាគហ៊ុន និង​ទីផ្សារ​ប្តូរប្រាក់​បរទេស​របស់​តៃវ៉ាន់ ក៏ត្រូវ​បិទ​ដំណើរការ បណ្តោះអាសន្ន​ផងដែរ​។ ជើងហោះហើរ​អន្តរជាតិ​ជិត ៤០​ត្រូវបាន​លុបចោល ខណៈ​ខ្សែ​រត់​ស្រឡាង​ក្នុងស្រុក ត្រូវ​ផ្អាក​ប្រតិបត្តិការ​។ រីឯ ផ្លូវ​រត់​ភ្លើង​ក្រោម​ដី នៅ​ទីក្រុង​តៃប៉ិ ត្រូវបាន​កាត់បន្ថយ ខណៈ​ទាហាន​រាប់រយ​នាក់​កំពុង​ដាក់ពង្រាយ​ដើម្បី​ឆ្លើយតប​គ្រោះមហន្តរាយ​។​

​គួរ​បញ្ជាក់ថា ព្យុះ​ទី​ហ្វុ​ង Khanun កើតឡើង​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង​ដុក​ស៊ូ​រី (Doksuri) បាន​នាំមក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បក់បោក​យ៉ាងខ្លាំង លើ​ភាគខាងត្បូង​របស់​តៃវ៉ាន់​។ បើតាម​ការ​ព្យាករ ព្យុះភ្លៀង​បន្ថែមទៀត នឹង​បោកបក់​កាត់​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​រប​សើ​កោះ​តៃវ៉ាន់ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ មុនពេល ទៅដល់​ភាគ​ឦសាន​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ ដោយ​នឹង​នាំមក​នូវ​ទឹកភ្លៀង​កម្រិត ០.៦​មី​លី​ម៉ែត្រ នៅ​តំបន់ភ្នំ​ភាគ​កណ្តាល និង ០.៣​មី​លី​ម៉ែត្រ នៅលើ​ភ្នំ​ក្បែរ​ទីក្រុង​តៃប៉ិ​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close