ក្រសួងទេសចរណ៍ ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​អន​ឡាញ​ស្នើសុំ​បញ្ជាក់​គុណភាព​សេវាកម្ម​ទេសចរណ៍ ត្រៀម​ទទួល​ទេសចរ​ចិន CHINA Ready

​ភ្នំពេញ​៖ ដើម្បី​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ត្រៀម​ទទួល​ភ្ញៀវទេសចរ​ចិន ក្រោយ​វិបត្តិ​កូ​វិដ​-១៩ និង​លើកស្ទួយ​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា សម្រាប់​ទីផ្សារ​ចិន ក្រសួងទេសចរណ៍ បានរៀបចំ និង​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ស្នើសុំ​បញ្ជាក់​គុណភាព​សេវាកម្ម​ទេសចរណ៍​ត្រៀម​ទទួល​ភ្ញៀវទេសចរ​ចិន តាម​ប្រព័ន្ធ​អន​ឡាញ ស្របទៅតាម​សៀវភៅ​ស China Ready សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា និង​ស្តង់ដារ​វាយតម្លៃ និង​បញ្ជាក់​គុណភាព និង​ទទួលស្គាល់​សេវាកម្ម​ទេសចរណ៍​ត្រៀម​ទទួល​ភ្ញៀវទេសចរ​ចិន​។​

​ប្រព័ន្ធ​នេះ​នឹង​ផ្តល់​ភាពងាយស្រួល​ដល់​អាជីវកម្ម​ទេសចរណ៍​ដាក់ពាក្យ​ស្នើសុំ​ការចុះ​វាយតម្លៃ និង​បញ្ជាក់​គុណភាព​សេវាកម្ម​របស់ខ្លួន​ឱ្យ​កាន់តែ​ឆាប់រហ័ស ចំណេញ​ពេលវេលា​។​

​ការទទួលបាន​ការបញ្ជា​ក់​គុណភាព​សេវាកម្ម​ទេសចរណ៍​នេះ ប្រតិបត្តិ​ករ​នឹង​ទទួលបាន​អត្ថប្រយោជន៍​សំខាន់ៗ​ដូចជា​៖
១៖ ទទួលបាន​ឡា​បែ​ល​បញ្ជាក់​គុណភាព (China Ready Accredited)
២៖ បង្ហាញថា សេវាកម្ម​របស់ខ្លួន​មាន​គុណភាព​ស្របតាម​សៀវភៅ​ស China Ready និង​មានការ​ទទួលស្គាល់​ដោយ​ក្រសួងទេសចរណ៍​
៣៖ ប្រតិបត្តិ​ករ​ទេសចរណ៍​ចិន​-​ភ្ញៀវទេសចរ​ចិន មាន​ទំនុកចិត្ត​ដល់​អាជីវកម្ម​របស់ខ្លួន​
៤៖ ចូលក្នុង​បណ្តាញ​ក្រុមហ៊ុន​ទេសចរណ៍​ទទួលបាន CRA និង​ផ្សព្វផ្សាយ​ដល់ទី​ផ្សារ​ចិន ។​

​សូមជម្រាបថា សេវាកម្ម​ទេសចរណ៍​ដែល​អាចដាក់​ពាក្យស្នើសុំ​បញ្ជាក់​គុណភាព​សេវាកម្ម​ទេសចរណ៍​ត្រៀម​ទទួល​ភ្ញៀវទេសចរ​ចិន​មានដូចជា​៖ សេវាកម្ម​សណ្ឋាគារ និង​ស្នាក់នៅ​, សេវាកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​, សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​, រមណីយដ្ឋាន​ទេសចរណ៍​, ផ្សារ​ទំនើប​នឹង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​, សេវាកម្ម​កម្សាន្ត និង​ការី​ទេសចរណ៍​-​ភ្នាក់ងារទេសចរណ៍​។​

​ក្រសួងទេសចរណ៍​ស​ង្ឈឹ​ម​ថា ម្ចាស់​អាជីវកម្ម​ទេសច​រណ៍​ដែល​ទទួល​ទេសចរ​ចិន​ទាំងអស់ នឹងចូលរួម​ពង្រឹងគុណភាព​សេវាកម្ម​របស់ខ្លួន​ត្រៀម​ទទួលភ្ញៀវ​ចិន និង​ដាក់ពាក្យ​ស្នើសុំ​បញ្ជាក់​គុណភាព​សេវាកម្ម​តាមរយៈ​វែបសាយ http://cambodia-chinaready.com ឬ​ស្កែ​ន QR code ដូចខាងក្រោម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close