បិទ​ទីតាំង អេស 88 ប៊ី​យូ​ធី ផ្សារ​ធំថ្មី ក្រោយ​ប្រពន្ធ​នាយ​ពាក់​មី រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ពេល​ទៅ​ទទួល​សេវាកម្ម​

​ភ្នំពេញ​៖ ទីតាំង​យីហោ អេស 88 ប៊ី​យូ​ធី ផ្សារ​ធំថ្មី មាន​ទីតាំងនៅ​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ដែល​ផ្ដល់​សេវាកម្ម​រក្សា​សម្រស់​ជូន​អតិថិជន ត្រូវបាន​អាជ្ញាធរ​សម្រេច​បិទទ្វារ​ជា​បណ្ដោះអាសន្ន បន្ទាប់ពី​អ្នក​ទៅ​ទទួល​សេវាកម្ម​ម្នាក់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ប្រពន្ធ​របស់​តារា​កំប្លែង​នាយ​ពាក់​មី បាន​រងគ្រោះថ្នាក់​ធ្ងន់ធ្ងរ រហូត​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​យោងតាម​កំណត់ហេតុ​បិទ​ទីតាំង នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២៣ ដែល​សម្រេច​ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ បាន​បញ្ជាក់ថា ទីតាំង​នេះ ពុំមាន​លិខិតអនុញ្ញាត​ពី​ក្រសួងសុខាភិបាល និង​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជនរងគ្រោះ ដែល​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​តាម​ការបញ្ជាក់​របស់​នាយ​ពាក់​មី នៅលើ​បណ្ដាញ​សង្គម Facebook បាន​ឲ្យ​ដឹងថា ប្រពន្ធ​របស់ខ្លួន​បាន​ទៅ​ទីតាំង​នេះ ដើម្បី​ទទួល​សេវាកម្ម​ព្យួរសេរ៉ូម​ឲ្យ​ស្បែ​កស ប៉ុន្ដែ​ក្រោយ​បុគ្គលិក​នៅ​ទីនោះ​ចាក់​សេរ៉ូម​បញ្ចូល​ហើយ​នោះ ស្រាប់តែ​ប្រពន្ធ​របស់ខ្លួន​មាន​អា​ការៈមិន​ស្រួល ដូចជា​ថប់ដង្ហើម ណែន​ដើមទ្រូង​។ ភ្លាមនោះ ក្រុមគ្រួសារ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ ដើម្បី​សង្គ្រោះ​។​

​ជាមួយគ្នានេះ នាយ​ពាក់​មី ក៏បាន​ប្រកាស​ឲ្យ​ម្ចាស់​ទីតាំង​ត្រូវ​ចេញមក​ដោះស្រាយ​ជាបន្ទាន់​ជាមួយ​សមត្ថកិច្ច ក្នុងករណី​ធ្វើ​ឲ្យ​ប្រពន្ធ​របស់ខ្លួន​រងគ្រោះថ្នាក់ ហើយ​កុំ​ព្យាយាម​គេចវេស​ឲ្យ​សោះ ព្រោះ​ម្ចាស់​ទីតាំង​ត្រូវបាន​គេ​ស្គាល់មុខ​ហើយ​។ ប៉ុន្ដែ​ទោះជា​យ៉ាងណា នាយ​ពាក់​មី មិនបាន​បង្ហាញ​អត្តសញ្ញាណ​ម្ចាស់​ទីតាំង​ជា​សាធារណៈ​នោះទេ​៕​

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close