បង្ក្រាប​គ្រឿងញៀន​ជាង ៥៨​គីឡូក្រាម ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ នៅ​ខណ្ឌ​ព្រែក​ព្នៅ​

​ភ្នំពេញ​៖ កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ បង្ក្រាប​ជនសង្ស័យ​ចំនួន ០២​នាក់ និង​ដកហូត​សារធាតុ​ញៀន​ចម្រុះ ទម្ងន់ ៥៨​គីឡូ ៨៤៨​ក្រាម ​ដោយ​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គល់ យី ស្នងការរង ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ស្រាវជ្រាវ​បង្ក្រាប​ករណី​ដឹកជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ នៅ​ចំណុច​ដី​ឡូ​ត៌​ទុល​ចោល មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​កប់​ស្រូវ​ធំ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​០២:១០​នាទី​រំលង​អា​ធ្រា​ត​។​

​ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន​០២​នាក់​៖
១-​ឈ្មោះ អ៊ា​ន រដ្ឋ​នី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ
២-​ឈ្មោះ ភ័​ណ្ឌ សុ​គុណ ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​
​វត្ថុតាង​ចាប់យក​៖ សារធាតុ​ញៀន​(​ខេ​តា​មីន​) ចំនួន ២០​ដុំ ទម្ងន់ ២០​គីឡូក្រាម ដែល​លាក់ទុក​ក្នុង​វ៉ា​លី​ពណ៌​ទឹកប៊ិច​ចំនួន​មួយ និង​រថយន្ត​ម៉ាក High Lander ចំនួន ១​គ្រឿង ។​

​បន្ទាប់មក​កម្លាំង​ជំនាញ​បាន​ស្រាវជ្រាវ​រកឃើញ​សារធាតុ​ញៀន (​មេ​តំ​ហ្វេ​តា​មីន​) ចំនួន ១០​ដុំ​ទៀត ទម្ងន់ ១០​គីឡូក្រាម លាក់ទុក​ក្នុង​បាត​រថយន្ត​កែច្នៃ​សម្រាប់​ដឹក​គ្រឿងញៀន​។ បន្ទាប់ពី​កំណត់​មុខសញ្ញា​បក្ខពួក​មួយចំនួន​រួចមក នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​១២:៣០​នាទី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី គល់ យី ស្នងការរង ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​សហការ​ជាមួយ​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ឆែកឆេរ​គោលដៅ​ស្តុក​គ្រឿងញៀន ចំនួន ៣​ទីតាំង ដកហូត​សារធាតុ​ញៀ​ម​ចម្រុះ​ចំនួន ១៩​មុខ មាន​ទម្ងន់ ២៨​គីឡូ​៧៧៨​ក្រាម និង​សារធាតុ​ញៀន​ប្រភេទ MDMA ទម្ងន់ ១០,៤៨​ក្រាម និង​កំណត់​បាន​មុខ សញ្ញា​មេក្លោង​ចំនួន​២​នាក់ និង​បក្ខពួក​មួយចំនួនទៀត ។

​សរុប​ដកហូត​សារធាតុ​ចម្រុះ ទម្ងន់ ៥៨​គីឡូ ៨៤៨​ក្រាម​៖ មាន​សារធាតុ​ញៀន ទម្ងន់ ៣០​គីឡូ​០៧​ក្រាម ក្នុងនោះ​មាន (​ប្រភេទ ខេ ចំនួន ១៩​គីឡូ​៩១៥​ក្រាម​, ប្រភេទ ICE ចំនួន ១០​គីឡូ​០៥​ក្រាម​, ប្រភេទ MDMA ចំនួន ១០,៤៨​ក្រាម​, សារធាតុ​មិន​ច្បាស់ ទម្ងន់ ២៨​គីឡូ​៧៧៨​ក្រាម​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close