មនុស្ស​ស្លាប់​ជាង ៤០​នាក់ ករណី​លិច​កប៉ាល់​ដឹក​ជន​ចំណាកស្រុក នៅ​កណ្តាល​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​

​ទីភ្នាក់ងារសារព័ត៌មាន ANSA បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​សប្តាហ៍​នេះ ដោយ​ដកស្រង់​គណនី​របស់​អ្នក​រស់រានមានជីវិត​ដែល​ទើបតែ​មកដល់​កោះ Lampedusa របស់​អ៊ីតាលី​ថា ជន​ចំណាកស្រុក​ចំនួន ៤១ នាក់​បាន​ស្លាប់ នៅក្នុង​ការ​លិច​កប៉ាល់​កាលពី​សប្តាហ៍​មុន នៅ​កណ្តាល​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​០៩ ខែសីហា ឆ្នាំ​២០២៣​។​

​ទីភ្នាក់ងារ ANSA បាន​និយាយថា មនុស្ស ០៤​នាក់​ដែល​បាន​រួច​រស់​ជីវិត ពី​ការ​លិច​កប៉ាល់​បាន​ប្រាប់​អ្នក​ជួយសង្គ្រោះ​ថា ពួកគេ​នៅលើ​ទូក​ដែល​ផ្ទុក​មនុស្ស ៤៥​នាក់ ក្នុងនោះ​មាន​កុមារ​បីនាក់​ផងដែរ​។​

​អ្នក​នៅ​រស់រានមានជីវិត​ទាំងនោះ​បានឱ្យដឹងថា ទូក​ដែល​គេ​ជិះ​បានចេញ​ដំណើរ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​កន្លងទៅ ចេញពី​ទីក្រុង Sfax ប្រទេស​ទុយ​នី​ស៊ី ប៉ុន្តែ​បាន​ក្រឡាប់​ហើយ​លិច​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយមក​។​

​ពួកគេ​បាន​និយាយទៀតថា ពួកគេ​ត្រូវបាន​ជួយសង្គ្រោះ​ដោយ​កប៉ាល់​ដឹកទំនិញ​មួយ ហើយ​បន្ទាប់មក​បាន​ផ្ទេរ​ទៅកាន់​កប៉ាល់​ឆ្មាំ​ឆ្នេរសមុទ្រ​អ៊ីតាលី​។​

​គួរ​បញ្ជាក់ថា អាជ្ញាធរ​ទុយ​នី​ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​បាន​រកឃើញ​សាកសព​ចំនួន ១១​នាក់ ពី​ការ​លិច​កប៉ាល់​ដឹក​ជន​ចំណាកស្រុក​មួយ​នៅ​ជិត​ទីក្រុង Sfax កាលពី​ថ្ងៃអាទិត្យ ខណៈ​ជន​ចំណាកស្រុក​ចំនួន ៤៤​នាក់​ផ្សេងទៀត នៅ​បន្ត​បាត់​ខ្លួន​នៅឡើយ​។​

​ប្រទេស​អ៊ីតាលី​បានទទួល​ជន​ចំណាកស្រុក​ដែល​មកដល់​តាម​សមុទ្រ ប្រហែល ៩៣,៧០០​នាក់ រហូតមកដល់​ពេលនេះ ធៀប​នឹង ៤៤,៧០០​នាក់ ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២២ នេះ​បើ​យោងតាម​តួលេខ​ចុងក្រោយ​របស់​ក្រសួងមហាផ្ទៃ ដែល​បានធ្វើ​បច្ចុប្បន្នភាព​កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close