ដើមគ្រញូងនៅតំបន់អង្គរមួយដើមទៀត ត្រូវចោរលួចកាប់យកទៅបាត់
សកម្មភាពកាប់បំផ្លាញដើមឈើធំៗ នៅក្នុងតំបន់ឧទ្យានអង្គរ នៅតែបន្តកើតមាន បើទោះបីសមត្ថកិច្ចដែលប្រចាំការនៅទីនោះ បានធ្វើការរឹតបណ្តឹងយ៉ាងណាក៏ដោយ ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ដើមគ្រញូងដ៏ធំមួយដើមទៀតហើយ នៅភូមិមណ្ឌល៣ ជាប់ផ្លូវក្រវាត់ឧទ្យានអង្គរ ត្រូវបានក្រុមចោរលួចកាប់យកទៅបាត់ដោយសុវត្តិភាព។
លោក ឡុង កុសល អ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ដើមក្រញូងមួយដើមនោះប្រហែលជាត្រូវបានជនល្មើសលួចកាប់កាលពីយប់មិញ ហើយទើបតែប្រទះឃើញបាត់សល់តែគល់កាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣។
លោក ឡុង កុសល បានបញ្ជាក់នូវរបាយការណ៍ដែលលោកទទួលបានថា ជនល្មើសបានកាប់ដើមក្រញូងដ៏ធំមួយដើមដែលបែកព្រែកទី២ ដោយដើមទី១ មានប្រវែង ៣,៥០ម៉ែត្រ និងដើមទី២ មានប្រវែង ៣,៣០ម៉ែត្រ ហើយបន្សល់ទុកតែគល់ដែលមានទំហំគល់ ០,៣៤ម៉ែត្រ។
លោកបញ្ជាក់ថា ក្រោយពីទទួលបានដំណឹងនេះ អាជ្ញាធរកំពុងស្រាវជ្រាវរកជនល្មើសដើម្បីយកមកចាត់ការទៅតាមនីតិវិធី។
ករណីលួចកាប់ដើមក្រញូងនេះ បានធ្វើឱ្យមានមតិរិះគន់ពីមហាជនមកលើអាជ្ញាធរជាតិអប្សរាដែលថាករណីនេះមិនមែនទើបតែកើតឡើងជាលើកទី១នោះទេ ហើយថាឱ្យអាជ្ញាធរជាតិអប្សរាថាកម្រចាប់បានជនល្មើស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។