តុលាការ ប្រកាសសាលក្រមផ្ដន្ទាទោសលោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារមួយឆ្នាំប្រាំមួយខែ ករណីចេញសែកស្អុយ

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដាក់ពន្ធនាគារកំណត់ មួយឆ្នាំប្រាំមួយខែ និងពិន័យជាប្រាក់ចំនួនបីលានរៀល ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»។

កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការកាត់ទោសលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៩ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោស តាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់។ សវនាការនេះដឹកនាំដោយលោកស្រី ឈុន ដាវី ជាចៅក្រមជំនុំជំរះ និងលោក ប្លង់ សុផល ជាតំណាងអយ្យការ។

សូមជម្រាបថា សមត្ថកិច្ចបានចាប់ខ្លួនលោក ថាច់ សេដ្ឋា កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ តាមដីកាបង្គាប់របស់ចៅក្រមតុលាការ ដោយចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ឬចេញ សែកអត់លុយចំនួន ៥សន្លឹក ហើយដែលត្រូវបានប្ដឹងដោយក្រុមហ៊ុន រិន ឆាយ,ផ ប ស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close