បន្ទាប់ពីមានករណីបុរសម្នាក់ស្លាប់នៅខេត្តស្វាយរៀង​ ពេលនេះ មានករណីកុមារីអាយុ២ឆ្នាំម្នាក់ទៀតស្លាប់នៅខេត្តព្រៃវែង ដោយសារផ្តាសាយបក្សី

ក្រសួងសុខាភិបាលបានប្រកាសព័ត៌មាននៅយប់ថ្ងៃទី៩ តុលា ថា មានអ្នកជំងឺផ្តាសាយបក្សីមួយករណីទៀត បាន​កើតលើកុមារីអាយុពីរ​ឆ្នាំម្នាក់បណ្ដាលឱ្យស្លាប់ និងត្រូវបានបញ្ជាក់ថា វិជ្ជមាន វីរុសផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ ។ ករណីនេះកើតឡើងនៅភូមិឆ្មាលោត ឃុំស្នឹងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា តាមការសាកសួរបង្ហាញថា នៅផ្ទះកុមារមានមាន់ងាប់ជាហូរហែរ។នៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ​២០២៣ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបាននិងកំពុងអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺ​ផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ផ្នែក​សុខាភិបាល ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លង បន្តទៅ​អ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីស្លូ(Tamiflu)ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព​ប្រជាពល​រដ្ឋ​នៅ​ក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាលក៏បានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺ​ផ្តាសាយ​បក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុម​មានហានិភ័យ និងមានភាពងាយរងគ្រោះ។ ករណីដែល បានស្លាប់នេះ គឺជាករណីផ្តាសាយបក្សីទី៥៩ ស្លាប់៤០នាក់) ដែល​កើត​មាន​លើមនុស្ស ចាប់តាំងពីឆ្នាំ ២០០៥ ហើយនេះជាករណីទី៣ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។

គួរបញ្ជាក់ថា របៀបចម្លង៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្ស​ជាជំងឺ​ធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរ ពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាច​បំប្លែងខ្លួនអាចឆ្លងដូចនឹង» ជំងឺផ្តាសាយតាមរដូវកាលផងដែរ។

វិធានការបង្ការ៖ សារអប់រំរបស់រាជរដ្ឋាភិបាល រួមមាន៖ លាងដៃអោយបានញឹកញាប់ ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពី​ប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វ​បក្សីដែលធ្វើសម្រាប់ បរិភោគត្រូវចម្អិនឱ្យឆ្អិនល្អ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close