​ក្រសួង​ធនធានទឹក សូម​ប្រុងប្រយ័ត្ន​អាកាសធាតុ​នៅ​កម្ពុជា អាចមាន​ជំនន់​ទឹកភ្លៀង នៅ​តំបន់​មួយចំនួន​

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២៣​។​

​ក្រសួង​បញ្ជាក់ថា ព្យុះ​ត្រូពិច​ទី​១៦ ឈ្មោះ សាន់​បា T2316 (SANBA) នៅ​ឈូង​សមុទ្រ​តុងកឹង​ប្រទេស​ចិន នឹង​រំកិល​ចូលមក​កាន់​ឆ្នេរសមុទ្រ​នៃ​ភាគខាងត្បូង​ប្រទេស​ចិន កត្តា​នេះ​ធ្វើឱ្យមាន​ប្រព័ន្ធ​សម្ពាធ​ខ្ពស់ គ្របដណ្តប់​លើ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈពេល​ដែលមាន​ខ្យល់មូសុង​កម្រិត​មធ្យម បានកើត​ឡើង តែ​ព្យុះ​ទី​១៦ SANBA នេះ ពុំមាន​ឥទ្ធិពល​ផ្ទាល់​មកលើ​ប្រទេស​កម្ពុជា​ទេ​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ ៖

​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៣ ខែតុលា នៅតាម​ខេត្ត​មួយចំនួន​ដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៣០% ទៅ ៤០%​។​

​លើសពីនេះ ខ្យល់មូសុង​និរតី​បាន​បោកបក់​លើ​សមុទ្រ​អា​ដាំ​មែន (Andaman Sea) និង​ឈូង​សមុទ្រ​ថៃ ប្រការនេះ​បណ្តាលឱ្យមាន​ភ្លៀង​ធ្លាក់ នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម ក្នុងនោះ តំបន់​ខ្លះ​អាចមាន​ភ្លៀង​ធ្លាក់​បង្គួរ លាយឡំ​នឹង​ផ្គរ​រន្ទះ ជាមួយនឹង​ទំហំ​ទឹកភ្លៀង​ធ្លាក់​គ្រ​ដប​ណ្ត​ប់​លើ​ផ្ទៃដី​ពី ៤០% ទៅ ៥០% ជាពិសេស​នៅ​រាជធានី​ភ្នំពេញ តំបន់​មាត់សមុទ្រ និង​តំបន់​ទំនាប​កណ្តាល​។​

​សូម​ប្រជាពលរដ្ឋ​នៅ​តំបន់​មួយចំនួន ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​នេះ ដែល​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close