ប្រទះឃើញ​កាសសម័យបុរាណ​ចំនួន​ ១១៦​កាស នៅ​ជើង​សសរ​នៃ​ព្រះវិហារ​វត្ត​ល្អក់ ក្នុង​ខេត្តសៀមរាប​

​ក្រុមការងារ​ជួសជុល​ព្រះវិហារ​វត្ត​ល្អក់​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រទះឃើញ​ប្រាក់កាស​(​ស្លឹង​)​បុរាណ​សរុប​ទាំងអស់​ប្រមាណ​១១៦​កាស ដែល​គេ​បញ្ចុះ​នៅតាម​ជើង​សសរ​របស់​ព្រះវិហារ​វត្ត​ល្អក់ ឬ​ហៅ​វត្ត​អរញ្ញ​រង្សី ដែល​ស្ថិតនៅ​ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កាលពីពេល​ថ្មីៗ​។​

​កាស​បុរាណ ដែល​គេ​ប្រទះឃើញ​ទាំងនោះ មាន​បី​ប្រភេទ ដោយ​កាស​នីមួយៗ​មាន​ទំហំ​ពី​១៣-១៥​មី​លី​ម៉ែត្រ មាន​រូប​សត្វ​«​ហង្ស​» មួយបែប​ទៀត​ក៏មាន​រូប​«​ហង្ស​»​ដែរ តែ​លាយ​ដោយ​អក្សរ​ចិន​អាន​ថា​«​ជី​»​មានន័យថា​«​សំណាងល្អ​»​និង​កាស​ម្យ៉ាងទៀត​មាន​អក្សរ​ថា​«​ព្រះ​តំបង​» ឯ​ផ្ទៃ​ម្ខាង​ទៀត​មាន​រូប​គ្រុឌ​។​

​សហប្រធាន​សារមន្ទីរ​សេដ្ឋកិច្ច និង​រូបិយវត្ថុ ព្រះ​ស្រី​ឦសាន​វរ្ម័ន លោក ប្លែ​ស គី​លី​យ៉ង់ បាន​ពន្យល់ថា កាស​ដែលមាន​រូប​«​ហង្ស​»​គឺ​បាន​បោះពុម្ព ឱ្យប្រើ​ប្រាស់​នៅ​ស្រុក​ខ្មែរ​ចាប់ពី​អំឡុង​សតវត្សរ៍​ទី​១៦-១៩​នៃ​គ្រី​ស្ដ​សករាជ ឯ​កាស​មួយបែប​ទៀត មាន​រូប​«​ហង្ស​»​ដែរ​និង​មាន​អក្សរ​ចិន​អាន​ថា​«​ជី​»​នោះ ភាគច្រើន​បាន​បោះពុម្ព និង​ដាក់ឱ្យ​ចរាចរ​នៅ​ខេត្តបាត់ដំបង​ក្នុងអំឡុង​សតវត្សរ៍​ទី​១៩​។ ចំណែក​កាស​មួយ​ប្រភេទ​ទៀត មាន​អក្សរ​ថា​«​ព្រះ​តំបង​» ហើយ​ផ្ទៃ​ម្ខាង​ទៀត​មាន​រូប​គ្រុឌ​គឺ​បោះពុម្ព និង​ចរាចរ​នៅ​ខេត្តបាត់ដំបង អំឡុង​នា​សតវត្សរ៍​ទី​១៩​។

​គេ​ដឹងថា ព្រះវិហារ​ព្រះវិហារ​វត្ត​ល្អក់ មានតម្លៃ​ប្រវត្តិសាស្ត្រ ទាំង​វិស័យ​សាសនា និង​សិល្បៈ​ដោយសារតែ​វត្ត​នេះ​មាន​អាយុកាល​យូរលង់​មកហើយ​។ វត្ត​ល្អក់ បាន​សាងសង់ឡើង​ដោយ​គ្រឿង​បង្គុំ​ធ្វើ​អំពី​ឈើ ដំបូល​ប្រក់​ក្បឿង ជញ្ជាំង​ជុំវិញ​ធ្វើ​ពី​ឥដ្ឋ​បូក​កំបោរ​បាយអរ​។ សំណង់​នេះ មាន​សសរ​៤​ជួរ ដោយមាន​២​ជួរ​នៅ​កណ្តាល​ជា​សសរកន្លោង​និង​២​ជួរ​ទៀត​ជា​សសរជើងរាង​។ បច្ចុប្បន្ន​សសរឈើ​រប​ស់​ព្រះវិហារ ដែល​កប់​ក្នុង​ដី​ជាច្រើន​ឆ្នាំ​មកហើយ កំពុងមាន​ភាព​ពុកផុយ​ខូចខាត​ខ្លាំង ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​ការ​ស្នាក់នៅ​របស់​ព្រះសង្ឃ ហើយ​វា​ទាមទារ​ឱ្យ​ក្រុម​អ្នកជំនាញ​ធ្វើការ​ជួសជុល​ជា​ចាំបាច់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close