ការជួសជុល​កំពង់ទឹក​ខាងកើត​ប្រាសាទព្រះខ័ន នឹង​បញ្ចប់​នៅពេល​ឆាប់ៗ​

​គម្រោង​ជួសជុល​ការដ្ឋាន​កំពង់ទឹក​ប្រាសាទព្រះខ័ន ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ ដោយ​បច្ចុប្បន្ន ក្រុម​អ្នកជំនាញ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា នៅតែ​ជួសជុល​បង្ហើយ​ពង្រឹង​ជើង​ទំនប់​ខាងលិច​(​នៃ​បារាយណ៍​ជ័យ​ត​ដាក​)​ដែល​ត​ភ្ជាប់​ពី​ខឿន​កំពង់ទឹក​ទៅកាន់​ផ្លូវ​ចូល​ប្រាសាទព្រះខ័ន​ខាងកើត​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដោយសារតែ​ទឹក​ហូរ​ច្រោះ​កំណ​កដី​។​

​បុរាណ​វិទូ និង​ជា​អ្នកគ្រប់គ្រង​គម្រោង​ជួសជុល​ការដ្ឋាន​កំពង់ទឹក​ប្រាសាទព្រះខ័ន លោក ជា សារិទ្ធ មានប្រសាសន៍ថា ក្រុមការងារ​កំពុងតែ​មមាញឹក​ការស្តារ​កំណក​ដី​ពី​ផ្លូវ​ចូល​ខាងកើត ហើយ​យកទៅ​ចាក់​បិទ​ខ្នង​ទំនប់​បារាយណ៍​ជ័យ​ត​ដាក ដើម្បី​បំពេញ​ត្រង់ចំណុច​ដែល​បាក់ស្រុត​ដោយសារ​ទឹក​ហូរ​ច្រោះ ឱ្យឃើញ​នូវ​រូបរាង​ដើម​វិញ​។

​ម្យ៉ាងវិញទៀត ការស្ដារ​កំណក​ដី​ផ្លូវ​ចូល​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ទេសចរ នឹង​បង្ហាញឱ្យឃើញ​ឡើងវិញ​នូវ​រចនា​សម្ពន្ធ​ផ្លូវ​ដែល​ក្រាល​ដោយ​ថ្មបាយក្រៀម និង​ថ្មគោល​ព្រះពុទ្ធសាសនា​នៅ​អម​សងខាង​ផ្លូវ ជា​សំណង់​ប្រវត្តិសាស្ត្រ​មួយ​ចំណោម​សំណង់​ផ្សេងទៀត​នៅ​ប្រាសាទព្រះខ័ន​។ សព្វថ្ងៃ ទាំង​កម្រាល​ថ្មបាយក្រៀម និង​ថ្មគោល​ព្រះពុទ្ធសាសនា​កប់​ក្នុង​ដី​ជម្រៅ​ប្រមាណ​ជាង​១​ម៉ែត្រ បណ្តាលឱ្យ​ថ្ម​រង​ការ​ពុកផុយ​។ កន្លងមក អភិរក្ស​ដ្ឋា​ន​អង្គរ​នៃ​សាលា​បារាំង​ចុង​បូព៌ា​ធ្លាប់ធ្វើ​កំណាយ​សម្អាត​ដី​លើផ្លូវ​នេះ​រួច​ម្តង​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close