​កម្ពុជា នឹង​អាចមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៣​។​

​ក្រសួង​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុជា ទទួល​ឥទ្ធិពល​ពី​សម្ពាធ​ទាប នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុងអំឡុង​ពេលនេះ ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ដែល​គ្របដណ្ដប់​លើ​ប្រទេស​ថៃ និង​សមុទ្រ​ចិន​ខាងត្បូង​ថមថយ​ចុះ​ឥទ្ធិពល​។ ខណៈដែល​លំហូរ​ខ្យល់​បក់​ពី​ទិសនិរតី និង​ទិស​ខាងត្បូង​នាំមក​ជាមួយ​នូវ​សំណើម​ពី​ឈូង​សមុទ្រ​ថៃ មកលើ​តំបន់ឆ្នេរ ស្រប​ពេលដែល​លំហូរ​ខ្យល់​បក់​មកពី​ទិសខាងកើត និង​ទិសអាគ្នេយ៍ នាំមក​ជា​មួ​ុ​យ​សំណើម​ពី​សមុទ្រ​ចិន​ខាងត្បូង​មកលើ​ប្រទេស​កម្ពុជា​។​

​ដោយឡែក នៅ​ថ្ងៃទី​៣០ ខែតុលា នឹងមាន​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​មួយទៀត​ពី​ប្រទេស​ចិន​គ្របដណ្ដប់​លើ​ផ្នែក​ខាងជើង​ប្រទេស​ថៃ លាតសន្ធឹង​ទៅដល់​សមុទ្រ​ចិន​ខាងត្បូង​។ ខណៈ​នេះ ខ្យល់​នឹង​ប្ដូរ​ទិសដៅ​បក់​ពី​ទិសឦសាន​មកលើ​ប្រទេស​កម្ពុជា​។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​៖

​ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩ ខែតុលា នៅតាម​បណ្ដា​ខេត្ត​មួយចំនួន នៅ​តំបន់​មាត់សមុទ្រ និង​បណ្តា​ខេត្ត​មួយចំនួន​ក្នុង​តំបន់​ទំនាប​កណ្តាល រួមទាំង​រាជធានី​ភ្នំពេញ នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ពី ៥០% ទៅ ៦០%​។​

​ដោយឡែក បណ្ដា​ខេត្ត​មួយចំនួន​ក្នុង​តំបន់​ខ្ពង់រាប នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៣០% ទៅ ៤០%​។​
​នៅ​ថ្ងៃទី​៣០ ខែតុលា នៅ​តំបន់​ទំនាប​កណ្ដាល និង​តំបន់​មាត់សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៣០ % ទៅ ៤០% ហើយ​នៅ​តំបន់​ខ្ពង់រាប​នឹងមាន​ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ គ្របដណ្ដប់​លើ​ផ្ទៃដី​ពី ១០ % ទៅ ២០% ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close