​ខេត្ត​មួយចំនួន នៅ​តំបន់​មាត់សមុទ្រ និង​តំបន់​ខ្ពង់រាប នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា សម្រាប់​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៣​។​

​ក្រសួង​បញ្ជាក់ថា ព្រះរាជាណាចក្រ​កម្ពុ​ជាទ​ទួល​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ខ្ពស់ នៃ​ប្រទេស​ចិន​ដែល​គ្របដណ្ដប់​ផ្នែក​ខាងជើង​ប្រទេស​ថៃ និង​លាតសន្ធឹង​ទៅដល់​សមុទ្រ​ចិន​ខាងត្បូង​។ ខណៈ​នេះ នឹងមាន​លំហូរ​ខ្យល់​បក់​មកពី​ទិស​ខាងជើង និង​ទិសឦសាន ប្រសព្វ​គ្នា​ជាមួយ​លំហូរ​ខ្យល់​បក់​ពី​ទិស​អាគេ្នយ៍ ដែល​ផ្ទុក​នូវ​សំណើម​នៃ​សមុទ្រ​ចិន​ខាងត្បូង បង្កើតបានជា​ពពក​ភ្លៀង​លើ​ប្រទេស​កម្ពុជា​។ ស្ថានភាព​ធាតុអាកាស​បែបនេះ នៅតែ​បន្ត​មាន​រហូតដល់​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៣​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ ៖

​នៅ​ថ្ងៃទី​៣០ ខែតុលា ខេត្ត​មួយចំនួន​នៅក្នុង​តំបន់​មាត់សមុទ្រ និង​តំបន់​ខ្ពង់រាប​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៣០% ទៅ ៥០%​។ ចំពោះ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន នៅក្នុង​តំបន់​ទំនាប​កណ្ដាល​នឹងមាន​ភ្លៀង​ធ្លាក់ ពី​កម្រិត​មធ្យម​ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៤០% ទៅ ៦០%​។​

​ចាប់ពី​ថ្ងៃទី​៣១ ខែតុលា ដល់​ថ្ងៃទី​០៣ ខែវិច្ឆិកា ភ្លៀង​នឹង​បន្ត​ធ្លា​ក់លើ​ខេត្ត​មួយចំនួន​ក្នុង​តំបន់​មាត់សមុទ្រ និង​តំបន់​ខ្ពង់រាប ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៣០% ទៅ ៥០%​។​

​ចំណែកឯ រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយចំនួន នៅក្នុង​តំបន់​ទំនាប​កណ្ដាល​នឹងមាន​ភ្លៀង​ធ្លាក់ ពី​កម្រិត​មធ្យម​ទៅ​បង្គួរ លាយឡំ​ជាមួយ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៤០% ទៅ ៦០%៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close