​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ជាង ៤​គីឡូក្រាម ឃាត់ខ្លួន​ជនជាតិ​ចិន​២​នាក់ នៅ​រាជធានី​ភ្នំពេញ​

​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាបបាន​ជនល្មើស​ជួញដូរ​គ្រឿងញៀន​ជនជាតិ​ចិន​២​នាក់ ដោយ​រឹបអូស​បាន​ថ្នាំញៀន​ជាង​៤​គីឡូក្រាម ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ ការដឹកនាំ​បញ្ជា​របស់​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​ការដឹកនាំ​ផ្ទាល់​របស់លោក​ឧត្ដម​សេនិយ៍​ឯក ឃឹ​ង សារ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​មន្ត្រី​គន​របាល​ជាន់ខ្ពស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ​ថា កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក​១០) សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការសម្របសម្រួល​ដឹកនាំ​ពី​លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ស្រាវ​រហូត​ឈានទៅ​បង្ក្រាប​ករណី រក្សាទុក​-​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅ​០២​គោលដៅ​ផ្សេងគ្នា​៖ គោលដៅ​ទី​០១ បណ្តោយ​ផ្លូវ​១០៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌ​បឹង​កេងកង និង​គោលដៅ​ទី​០២ ខុន​ដូរ​ហ៊ួ​យ​វ័ន ជាន់​ផ្ទាល់​ដី សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា​។​

​ជនល្មើស​ដែល​ឃាត់ខ្លួន​បានរួម​មាន ឈ្មោះ LIU HAN TING ភេទ​ប្រុស ជនជាតិ​ចិន ឆ្នាំ​កំណើត​២០០០ និង​ឈ្មោះ LIN YU QIN ភេទ​ប្រុស ជនជាតិ​ចិន ឆ្នាំ​កំណើត​១៩៩០​។ សម្រាប់​វត្ថុតាង​ដែល​រឹបអូស​បានរួម​មាន​៖ គ្រឿងញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី​(MDMA) ទម្ងន់​១២,៣៦​ក្រាម និង​គ្រឿងញៀន ប្រភេទ​កេ​តា​មីន​(KETAMINE) ទម្ងន់​៤០០៤​ក្រាម (៤​គីឡូ និង​៤​ក្រាម​)​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កំពុង​សាកសួរ​ដើម្បី​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close