​ហា​ម៉ាស នឹង​ដោះលែង​ចំណាប់ខ្មាំង​បរទេស​មួយចំនួន ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ

អ្នកនាំពាក្យ​កងពលតូច Al Qassam ដែលជា​កងកម្លាំងប្រដាប់អាវុធ​របស់​ហា​ម៉ាស បានប្រកាស​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ថា ក្រុម​ហា​ម៉ា​សបាន​ជូនដំណឹង​ទៅកាន់ ក្រុម​អ្នក​ជួយ​សម្រុះសម្រួល​ជម្លោះ​ថា ខ្លួន​នឹង​ដោះលែង​ចំណាប់ខ្មាំង​បរទេស​មួយចំនួន នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​យ៉ាងណាមិញ លោក Abu Ubaida ដែលជា​អ្នកនាំពាក្យ​ខាងលើ មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​បន្ថែម ស្តីពី​ចំនួន​ជាក់លាក់​នៃ​ចំណាប់ខ្មាំង​ទាំងនោះ ឬមួយ​ក៏​សញ្ជាតិ​របស់​ពួកគេ​ឡើយ​។ អ្នកនាំពាក្យ​ក្រុម​ហា​ម៉ាស​បាន​បន្តថា កងកម្លាំង​របស់ខ្លួន​បាន​បន្ត​ប្រយុទ្ធ​គ្នា​ជាមួយ​ទាហាន​របស់​អ៉ី​ស្រា​អែល ហើយ​បាន​បង្ក​ឱ្យស្លាប់​និង​របួស​កងទ័ព​អ៉ី​ស្រា​អែល​មួយចំនួន ព្រមទាំង​បំផ្លាញ​យាន​យោធា​បាន​២២​គ្រឿង​។​

​គួរ​បញ្ជាក់ថា ទន្ទឹមគ្នា​នោះ លោក Abu Ubaida ក៏បាន​បដិសេធ​ផងដែរ ចំពោះ​ការ​អះអាងថា ចំណាប់ខ្មាំង​ម្នាក់​ដែល​ទើប​ត្រូវបាន​រំដោះ​ដោយ​អ៉ី​ស្រា​អែល គឺ​ពីមុនមក​ស្ថិតក្រោម​កណ្តាប់ដៃ​របស់​ក្រុម​ហា​ម៉ាស ដោយ​លោក​បាន​លើកឡើងថា ចំណាប់ខ្មាំង​ជាច្រើន​នាក់ បាន​ស្ថិតក្រោម​កណ្តាប់ដៃ​របស់​ក្រុម​សកម្មប្រយុទ្ធ​ដទៃទៀត នៅ​តំបន់ Gaza Strip​។ ការលើកឡើង​នោះ ហាក់​ចង់​សំដៅលើ​ស្រី្ត​ឈ្មោះ Ori Megidish ជា​ទាហាន​អ៉ី​ស្រា​អែល​ម្នាក់ ដែល​យោធា​អ៉ី​ស្រា​អែល បាន​អះអាង​កាលពីដើម​សប្តាហ៍​នេះ​ថា ត្រូវបាន​រំដោះ​ឱ្យមាន​សេរីភាព នៅ Gaza អំលុង​ប្រតិបត្តិការ​ជើងគោក​របស់​អ៉ី​ស្រា​អែល​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close