​កូន​ផ្សោត​កើត​ថ្មី​១​ក្បាល​ទៀត ត្រូវ​ប្រទះឃើញ​នៅ​អន្លង់​កាំ​ពី ខេត្តក្រចេះ​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា កូន​ផ្សោត​កើត​ថ្មី ១​ក្បាល មាន​អាយុប្រមាណ​២​ថ្ងៃ ត្រូវ​ប្រទះឃើញ​នៅវេលា​ម៉ោង ១៣ និង​៥០​នាទី​រសៀល នា​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​តាមរយៈ​ការផ្ដល់​ដំណឹង​ពី​អ្នករត់​ទូក​ទេសចរណ៍​នៅ​អន្លង់​ផ្សោត​កាំ​ពី ក្រុមការងារ​របស់រ​ដ្ឋ​បាល​ជលផល និង​អង្គការ WWF បាន​ចុះ​ទី​ដល់ទី​តាំង និង​ថត​បាន​រូបថត​កូន​ផ្សោត​នេះ ដែល​កំពុង​ហែល​លេង​ក្នុង​ក្រុម​ហ្វូង សត្វ​ផ្សោត​ប្រមាណ​៦​ក្បាល ក្នុង​អន្លង់​កាំ​ពី ភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដែលមាន​ចំណុច​និយាម​កា ៤៨P: ០៦១០៤០៥ និង UTM: ១៣៩០៨៧៧​។​

​បើតាម​ការអង្កេត​ជាក់ស្តែង​រយៈពេល​ប្រមាណ​២​ម៉ោង ក្រុមការងារ​រដ្ឋបាល​ជលផល និង​អង្គការ WWF សង្កេតឃើញថា​ពុំមាន​សកម្មភាព​បំពាន​ណាមួយ​ពី​សំណាក់​សត្វ​ផ្សោត​ធំ​មកលើ​កូន​ផ្សោត​ទើបនឹង​កើត​ថ្មី​នោះទេ​។​

​សូម​ជម្រាបជូន​ដែរ​ថា កូន​ផ្សោត​កើត​ថ្មី​នេះ​ជា​កូន​ផ្សោ​តទី​៨​ហើយ ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ​២០២៣​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close