​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បង្ក្រាប​ទីតាំង​ខារ៉ាអូខេ «SKY KTV» ឃាត់​មនុស្ស​ប្រុស​ស្រី​ជាង ១០០​នាក់ ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន

​កម្លាំង​នគរបាល​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយកន្លែង​យីហោ «SKY KTV» ក្រោយ​សង្ស័យ​ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​ឈានដល់​ការឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ចំនួន​១០៧​នាក់ ក្នុងនោះ​ជនបរទេស​៤២​នាក់​។​

​សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹងថា ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅ​យប់​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយ​អនុវត្តតាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ក្រោម​ការសម្របសម្រួល​ពី​លោក លឹម ប៊ុន​សុ​ភ័​ក្រ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​ដឹកនាំ​ប្រតិបត្តិការ​ដោយ​លោក​វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០៧​នាក់ ស្រី​៤០​នាក់ ក្នុងនោះ​ជនបរទេស​ចំនួន​៤២​នាក់ ស្រី​៧​នាក់ រួមមាន​៖ ឥណ្ឌូ​នេ​ស៉ី ចំនួន​២១​នាក់​, វៀតណាម ចំនួន​១៥​នាក់​, ចិន ចំនួន​៣​នាក់​, ថៃ ចំនួន​៣​នាក់​។ ក្រៅពីនេះ ដកហូត​បាន​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​៦​កូន​ថង់ និង​១​កូន​ថង់​តូច​, ថ្នាំ​កញ្ចប់​ពណ៌​ក្រហម (​រូប​សេះ​) ១​កញ្ចប់​, ពណ៌​ក្រហម (​រូប​ទំពាំងបាយជូរ​) ១​កញ្ចប់​, ពណ៌​លឿង ១០​កញ្ចប់​, ពណ៌​ទឹកក្រូច ១​កញ្ចប់ និង​កញ្ចប់​ថ្នាំ​ពណ៌​ក្រហម​អក្សរ (LV) ១​កញ្ចប់​។​

​ទីតាំង​ខារ៉ាអូខេ «SKY KTV» ត្រូវបាន​បិទ​បណ្តោះអាសន្ន រីឯ​ជនសង្ស័យ​ប្រុស ស្រី​ទាំងនេះ ត្រូវបាន​នគរបាល​ឃាត់ខ្លួន​សួរនាំ និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close