ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ បង្ហាញ​ពី​មោទកភាព​នៅពេល​បាន​ដើរ​ឆ្លងកាត់​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​

ក្រោយពី​បញ្ចប់​ការងារ​ជួសជុល និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវការ ក្នុង​មួយថ្ងៃៗ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន​រយ​នាក់​ដើរ​ឆ្លងកាត់​ស្ពាន​ហាល​ខាងលិច​ដើម្បី​ចូលទៅ​ទស្សនា​ប្រាសាទអង្គរវត្ត បាន​ពោល​ពាក្យ​កោតសរសើរ​ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ខិតខំ​ប្រឹងប្រែង​ជួសជុល និង​អភិរក្ស​ស្ពាន​ហាល​នេះ​បានល្អ​ប្រសើរ​ឡង​វិញ​។ បន្ថែម​លើ​នេះ ភ្ញៀវទេសចរ​ក៏​បង្ហាញ​ពី​មោទកភាព​នៃ​កេរដំណែល​ដូនតា​ខ្មែរ​មួយ​នេះដែរ​។​

​លោកតា កាយ កាន អាយុ​៧៨​ឆ្នាំ មកពី​ខេត្តកំពង់ធំ បានបង្ហាញ​អារម្មណ៍​រីករាយ​ក្រោយ​រូបគាត់​បាន​ដើរ​ឆ្លងកាត់​ស្ពាន​ហាល​សារជាថ្មី ដោយ​គាត់​រៀបរាប់ថា​គាត់​ធ្លាប់​ឆ្លងកាត់​ស្ពាន​ហាល​នេះ​តាំងពី​ឆ្នាំ​២០០៥ ដែល​កាលណោះ ស្ពាន​មាន​ស្ថានភាព​បាក់បែក និង​ស្រុត​ដោយ​កន្លែង​ពិបាក​ធ្វើដំណើរ​។ ប៉ុន្តែ​ពេលនេះ គាត់​បាន​ដើរ​លើ​ស្ពាន​បុរាណ​ម្តងទៀត ឃើញថា មាន​ភាពរឹងមាំ​ឡើងវិញ ព្រមទាំង​ធ្វើឱ្យ​ភ្ញៀវ​ដែល​មកលេង​អង្គរ​ងាយស្រួល​ធ្វើដំណើរ​ជាង​មុន​ផង​។​

​ចំណែក​ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ខេត្តកណ្តាល អ៊ំស្រី នូ យ៉​ន បាន​សរសើរ​ថា ស្ពាន​ហាល​ខាងលិច​អង្គរវត្ត​ពិតជា​ស្រស់ស្អាត​ប្លែក ស្រួល​ដើរ​ជាង​កាលពីមុន​។ គាត់​យល់ថា កា​ជួសជុល​ស្ពាន​ហាល​ឱ្យ​ប្រសើរ​ឡើងវិញ​នេះ គឺ​បាន​ថែរក្សា​ទុក​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ​ឱ្យនៅ​គង់វង្ស​បានយូរ​អង្វែង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​បានឃើញ​។​
​លោកស្រី Linda និង អ្នកស្រី Hidi ជនជាតិ​អាមេរិក ដែល​បាន​ដើរ​ឆ្លងកាត់​ស្ពាន​ហាល​ជា​លើកដំបូង បានបង្ហាញ​ការចាប់អារម្មណ៍​ខ្លាំង​លើ​សំណង់​ប្រាសាទបុរាណ​ដ៏​អច្ឆរិយៈ​របស់​ប្រទេស​កម្ពុជា​នេះ ពិសេស គឺ​ការជួសជុល​ថែទាំ​ស្ពាន​ហាល​នេះ​ជាដើម​។

​អ្នកទេសចរ​បរទេស​ទាំង​២ បង្ហាញ​អារម្មណ៍​រំភើប ដោយ​ចាត់ទុកថា រូបគាត់​ទាំងពីរ​មានសំណាង​ណាស់ ពីព្រោះ​ដំណើរ​កម្សាន្ត​នៅ​រមណីយដ្ឋាន​អង្គរ ស្របពេល​សំណង់​ស្ពាន​ហាល​បាន​ជួសជុល​រួចរាល់ ហើយ​បាន​ដើរ​ឆ្លងកាត់​ជា​លើកដំបូង​។​
​ការ​ពោល​សរសើរ​អំពី​ការងារ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងការ​ជួសជុល​ព្រមទាំង​សម្រស់​ស្ពាន​ហាល​ខាងលិច​អង្គរ​របស់​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​នេះ កើតមានឡើង​បន្ទាប់ពី​ស្ពាន​ហាល​ខាងលិច​អង្គរ បាន​ជួសជុល​រួចរាល់ ព្រមទាំង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ឡើងវិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close