១០ខែឆ្នាំនេះ ចំណូលថវិកាជាតិជាង ៣០០០លានដុល្លារ បានពីការប្រមូលពន្ធដារ
រយៈពេល១០ខែ ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិបានចំនួន ១២ ៤២១.០៧ ប៊ីលានរៀល (ប្រមាណជា ៣ ០៦៦.៩៣លានដុល្លារ) ស្មើនឹង ៨៥.៨៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានពន្ធដារ។
ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានរំលេចនូវលទ្ធផលការងារសំខាន់ៗ សម្រេចបានក្នុងរយៈពេល ១០ខែ ឆ្នាំ២០២៣៖
* បានចុះបញ្ជីសហគ្រាសជោគជ័យចំនួន ១៣ ៤៣៣ សហគ្រាស ក្នុងនោះតាមថ្នាល Cam-Dx ចំនួន ១២ ៣៤១ សហគ្រាស
* បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលចំនួន ៨៤៣ លើក មានសិក្ខាកាមចូលរួមចំនួន ៩៥ ៥១៥ នាក់ ក្នុងនោះ វគ្គបណ្តុះបណ្តាលចំនួន ៣៧៥ លើក (សិក្ខាកាមចំនួន ៥២ ២០៥ នាក់) និងសិក្ខាសាលាចំនួន ៤៦៨ លើក (សិក្ខាកាមចំនួន ៤៣ ៣១០ នាក់)
* បានផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធតាមចំនួន ៩៨ ៣៨៩ ករណី ក្នុងនោះ តាមរយៈ Call Center 1277 ចំនួន ៦០ ៧២៤ ករណី
* ក្រុមការងារគាំទ្រសេវាអេឡិចត្រូនិក (E-Tax Service) បានផ្តល់សេវាគាំទ្រ និងដោះស្រាយបញ្ហានិងសំណើនានាពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីនិងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ សរុបចំនួន ២៩ ៩២៤ ករណី
* បានដោះស្រាយឯកសារបណ្តឹងតវ៉ាលើករណីសវនកម្មពន្ធដារចំនួន ៣៦៨ ករណី
* បានបញ្ចប់ការអភិវឌ្ឍប្រព័ន្ធ-កម្មវិធីថ្មីសរុបចំនួន ៥ និងបញ្ចប់ការងារធ្វើបច្ចុប្បន្នភាពប្រព័ន្ធ-កម្មវិធីសរុបចំនួន ៥៣ (ស្មើនឹង ៣២៩ លើក) ហើយគិតត្រឹមខែតុលា ឆ្នាំ២០២៣ នេះ
* បានពិនិត្យ និងសម្រេចលើករណីស្នើសុំអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នាសរុបចំនួន ៣៦៥ សហគ្រាស
* បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំសំខាន់ៗចំនួន ២ ៖ ទី១.កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៦ នៃវេទិកាស្តីពីរដ្ឋបាលសារពើពន្ធ (Forum on Tax Administration) នៅប្រទេសសិង្ហបុរី ពីថ្ងៃទី១០-១៣ ខែតុលា ឆ្នាំ២០២៣ និងកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមសិក្សាពីរដ្ឋបាលសារពើពន្ធអាស៊ីប៉ាស៊ីហ្វិក និងការស្រាវជ្រាវ (SGATAR) លើកទី ៥២ នៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣
* ការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) សម្រេចបាន ២៥៤,៤១ ប៊ីលានរៀល (ប្រមាណជា ៦២,៨២ លានដុល្លារ) ពីសហគ្រាសជាអ្នកជាប់ពន្ធអនិវាសនជនចំនួន ៨២ សហគ្រាស (សហគ្រាសផ្គត់ផ្គង់ទំនិញ និង/ឬសេវាអេឡិចត្រូនិកពីបរទេសចូលមកកម្ពុជា)។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែតុលា និងសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២៣ លោកគង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានផ្សព្វផ្សាយណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងការពង្រឹងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនវិស័យឯកជននាពេលកន្លងមក ជាពិសេសវិធានការ និងដំណោះស្រាយថ្មីៗពាក់ព័ន្ធនឹងពន្ធដារ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញកាលពីជំនួប ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក៏ដូចជា បន្តពង្រឹងការអនុវត្តការងារប្រកប ដោយការយកចិត្តទុកដាក់តាមអនុសាសន៍ណែនាំ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញកន្លងមក ក្នុងការពង្រឹងគុណភាពនៃការផ្ដល់សេវា និងប្រសិទ្ធភាពការងារ។
បន្ថែមពីលើនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តការងារស្របតាមអនុសាសន៍របស់អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នាកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ជាពិសេស ការងារអាទិភាពសំខាន់ៗក្នុងការពង្រឹងនិងធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនអ្នកជាប់ពន្ធ ការដាក់ចេញនូវអាទិភាពការងារនិងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិស័យឯកជនក៏ដូចជាសាធារណជនទូទៅ ការលើកកម្ពស់ការយល់ដឹងនិងការអប់រំអំពីពន្ធដារ ការពង្រឹងការបំពេញការងារដោយផ្អែកលើនិយាមនិតិវិធីប្រតិបត្តិការងារ (SOP) លើគ្រប់ប្រភេទការងារនិងប្រភេទពន្ធ ព្រមទាំងអនុសាសន៍គន្លឹះមួយចំនួនទៀតសម្រាប់ការងារកែទម្រង់ជាលក្ខណៈប្រព័ន្ធផងដែរ៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។