សត្វផ្សោតមួយក្បាល វ័យ៧ឆ្នាំ បានស្លាប់ដោយសារឧបករណ៍ឆក់ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសត្វផ្សោត០១ក្បាល វ័យជំទង់អាយុប្រមាណ៧ឆ្នាំ ភេទឈ្មោល ប្រវែង១,៩៤ម៉ែត្រ ទម្ងន់៦៥គីឡូក្រាម បានស្លាប់នៅភូមិកោះជឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
តាមការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន។
ក្នុងឆ្នាំ២០២៣នេះ ផ្សោតកើតបាន៨ក្បាល និងស្លាប់៥ក្បាល ក្នុងនោះកូនផ្សោតស្លាប់២ក្បាល ជំទង់២ក្បាល និងស្លាប់ដោយចាស់ជរា ១ក្បាល។
ចំពោះបញ្ហានេះ រដ្ឋបាលជលផលនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសឆក់នេះ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរ ដល់អ្នកប្រព្រឹត្តល្មើស តាមច្បាប់ស្តីពីជលផល។
រដ្ឋបាលជលផល សូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមផ្ដល់ព័ត៌មាន ដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រី។ រដ្ឋបាលជលផលនឹងផ្តល់ ជូននូវរង្វាន់លើកទឹកចិត្ត។ លេខទូរស័ព្ទផ្ដល់ព័ត៌មាន៖ ០៩៧ ៦៦៦ ៤៩៩៩/០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ /០១២ ៨៩៧ ៩៤៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។