​ក្រសួង​ព័ត៌មាន ​នឹងមាន​ចំណាត់ការ​ម៉ឺងម៉ាត់ លើ​អ្នកសារព័ត៌មាន​ដែល​ពាក់ព័ន្ធ​រឿង​លុយកាក់ ជាមួយ​កាស៊ីណូ​ថប​ដាយ​អឹ​ម៉ិ​ន នៅ​ខេត្តតាកែវ​

​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន បង្ហាញ​អំពី​ចំណាត់ការ​របស់ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​ទៅលើ​អ្នកសារព័ត៌មាន​មួយចំនួន ដែល​ពាក់ព័ន្ធ​ករណី​លុយកាក់ ជាមួយ​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិ​ន (TOP DIAMOND CASINO) នៅ​ខេត្តតាកែវ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ទទួលបាន​។​

​ក្រសួង​ព័ត៌មាន បញ្ជាក់ថា កន្លងទៅ​ខ្លួន​បានទទួល​លិខិត​ឆ្លើយបំភ្លឺ និង​សុំ​អភ័យទោស​ពី​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឺ​ម៉ិ​ន លើ​ករណី​ដែល​ក្រុមហ៊ុន​នេះ​បានចេញ​លិខិត​ធ្វើឱ្យប៉ះពាល់ និង​ជះឥទ្ធិពល​មិនល្អ​ដល់​វិជ្ជាជីវៈ​សារព័ត៌មាន​។ តាមរយៈ​លិខិត​ឆ្លើយបំភ្លឺ និង​សុំ​អភ័យទោស​នេះ ក្រុមហ៊ុន​បាន​សន្យា​បន្ត​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​កើតឡើង​កន្លងមក ព្រមទាំង​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​ក្រសួង​ព័ត៌មាន លើ​អ្នកសារព័ត៌មាន ដែល​បំពាន​ក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បី​ពង្រឹងគុណភាព​ព័ត៌មាន និង​សណ្តាប់ធ្នាប់​ស្ថាប័ន ព័ត៌មាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជាមួយនឹង​ការឆ្លើយបំភ្លឺ និង​សុំ​អភ័យទោស ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិ​ន បានផ្តល់​បញ្ជី​ឈ្មោះ បុគ្គល​ចំនួន​៨២៨​រូប ដែល​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឺ​ម៉ិ​ន បានបញ្ជាក់​ថា​ជា​អ្នកសារព័ត៌មាន ដែល​បាន មកសុំ​លុយកាក់​ពី​ក្រុមហ៊ុន​ជូន​ក្រសួង​ព័ត៌មាន​។ ចំនួន​នេះ​ប្រហាក់ប្រហែល​ទៅនឹង​ចំនួន​អ្នកសារព័ត៌មាន ដែល​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិ​ន ចេញផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២៣ ថា «​មាន​អ្នកសារព័ត៌មាន​មកពី​អង្គភាព​ប្រមាណ​៧០០ ទៅ​៩០០ អង្គភាព​មានការ​ពាក់ព័ន្ធ​ទៅនឹង​ការសុំ​លុយកាក់ និង​បានទទួល​ការឧបត្ថម្ភ​ជា​ហូរហែ​»​។​

​ក្រសួង​ព័ត៌មាន​សូមបញ្ជាក់​ជូន​សាធារណជន​ថា ចំនួន​តួលេខ​ដែល​ក្រុមហ៊ុន កាស៊ីណូ ថប​ដាយ​អឺ​ម៉ិ​ន បាន​ចុះផ្សាយ​នេះ មិនមែនជា​ចំនួន​អង្គភាព​សារព័ត៌មាន​ទេ តែ​ជា​ចំនួន​បុគ្គល​ដែល​បាន​អះអាង​ខ្លួន​ថា​ជា អ្នកសារព័ត៌មាន​។ បច្ចុប្បន្ន បញ្ជី​ឈ្មោះ​បុគ្គល​ទាំង​៨២៨​រូបនេះ បាន​តម្កល់ទុក​នៅ​ក្រសួង​ព័ត៌មាន ហើយ អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ កំពុងធ្វើការ​ពិនិត្យ​ផ្ទៀងផ្ទាត់​ដើម្បី​កំណត់​អត្តសញ្ញាណ​ពិតប្រាកដ អំពី​ចំនួន​អង្គភាព​សារព័ត៌មាន​ដែល​បាន​ចុះបញ្ជី និង​មិន​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន​ដើម្បី​មាន​វិធាន​ការបន្ត​តាមផ្លូវ​ច្បាប់​។​

​ករណី​ការចេញផ្សាយ និង​ការផ្តល់​បញ្ជី​ឈ្មោះ​អ្នកសារព័ត៌មាន​របស់​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិ​ន ក្រសួង​ព័ត៌មាន​បាន​ពិនិត្យ​ជាក់ស្ដែង​ឃើញថា គឺ​ពិត​ជាមាន​អ្នកសារព័ត៌មាន ចូលទៅ​សុំ​លុយ​ក្រុមហ៊ុន​នេះ ប្រាកដ​មែន​។ ក្រោយ​ការចេញលិខិត​លេខ​៥៨​សជណ​.​ព​.​ម ចុះ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២៣ មាន​អ្នកសារព័ត៌មាន ចំនួន​៤៣​រូប មកពី​ស្ថាប័ន​សារព័ត៌មាន​ចំនួន​៣៤​អង្គភាព បាន​ចូលខ្លួន​មក​បំភ្លឺ​នៅ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​ថា ខ្លួន​ពិតជា​បាន​ទៅសុំ​លុយ​ពី​ក្រុមហ៊ុន​កាស៊ីណូ ថប​ដាយ​អឺ​ម៉ិ​ន ប្រាកដ​មែន​។ ចំណែក​អង្គភាព​សារព័ត៌មាន​ផ្សេងទៀត ក៏បាន​បញ្ជាក់ជូន​ក្រសួង​ព័ត៌មាន អំពី​ការមិន​ពាក់ព័ន្ធ​នឹង​ករណីនេះ​ផងដែរ​។​

​ដើម្បី​បន្ត​វិធានការ​ចំពោះ​បុគ្គល​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស្ថាប័ន​ព័ត៌មាន និង​ដើម្បី​ការពារ ភាព​ស្អាតស្អំ​ចំពោះ​អ្នកសារព័ត៌មាន ក្រសួង​ព័ត៌មាន តម្រូវ​ឲ្យ​អ្នកសារព័ត៌មាន និង​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ ករណី​សុំ​លុយ​ពី​កាស៊ីណូ ថប​ដាយ​អឹ​ម៉ិ​ន ត្រូវ​មក​ធ្វើការ​ផ្ទៀងផ្ទាត់​ឈ្មោះ និង​ឆ្លើយបំភ្លឺ​នៅ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ នៃ​ក្រសួង​ព័ត៌មាន រៀងរាល់ថ្ងៃ​ធ្វើការ គិត​ចាប់​ពីថ្ងៃ​ចេញ​សេចក្តីប្រកាស​ព័ត៌មាន រហូតដល់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២៣ ជា​កំហិត​។​

​ក្រសួង​ព័ត៌មាន សូម​ក្រើនរំលឹក​ជា​ចុងក្រោយ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ដែល​កំពុង​បំពេញភារកិច្ច ជា​អ្នកសារព័ត៌មាន​ត្រូវ​លើកកម្ពស់​ការអនុវត្ត​ច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ជៀសវាង​ការគិត​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ប្រព្រឹត្តិ​កំហុសឆ្គង បំពាន​ក្រមសីលធម៌​វិជ្ជាជីវៈ ធ្វើ​ឲ្យ​អាប់ឱន​ដល់ កិត្តិយស សេចក្តីថ្លៃថ្នូរ និង​កិត្យានុភាព​របស់​ស្ថាប័ន​ព័ត៌មាន និង​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​ស្ថាប័ន​ព័ត៌មាន​។ ករណី​នៅតែមាន​ការបំពានច្បាប់​ស្តីពី​របប​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​សារព័ត៌មាន ក្រសួង ព័ត៌មាន នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close