ទារកមិនគ្រប់ខែចំនួន ៣០នាក់ ត្រូវបានជម្រៀសចេញពីមន្ទីរពេទ្យ Al-Shifa របស់ហ្គាហ្សា
ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា យ៉ាងហោចណាស់ទារកកើតមិនគ្រប់ខែចំនួន ៣០ នាក់ ត្រូវបានជម្លៀសចេញពីមន្ទីរពេទ្យ Al-Shifa នៅថ្ងៃអាទិត្យនេះ ហើយនឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងប្រទេសអេហ្ស៊ីប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រុមការងារអង្គការសុខភាពពិភពលោក (WHO) ដែលបានទៅទស្សនកិច្ចនៅមន្ទីរពេទ្យ Al-Shifa កាលពីថ្ងៃសៅរ៍កន្លងទៅ បាននិយាយថា កុមារ ៣២នាក់ស្ថិតក្នុងចំណោមអ្នកជំងឺធ្ងន់ធ្ងររាប់សិបនាក់ ដែលជាប់គាំងនៅក្នុងមន្ទីរពេទ្យ ជាកន្លែងដែលកងកម្លាំងអ៊ីស្រាអែលបានធ្វើប្រតិបត្តិការយោធាយ៉ាងផ្លូវគោក តាំងពីសប្តាហ៍មុន។
ទន្ទឹមគ្នានេះ អង្គការការងារសហប្រជាជាតិ (UN) ក៏បាននិយាយផងដែរថា នៅមានអ្នកជំងឺ ២៩១ នាក់ទៀត កំពុងស្ថិតក្នុងមន្ទីរពេទ្យដ៏ធំបំផុតរបស់ហ្គាហ្សានៅឡើយ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានជម្លៀសអ្នកផ្សេងទៀតចេញ។ ក្នុងចំណោមអ្នកដែលនៅសេសសល់ រួមមានទាំងទារកចំនួន ៣២នាក់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងអ្នកផ្សេងទៀតមានរបួសឆ្អឹងខ្នង ដែលមិនអាចធ្វើចលនាបាន។
អង្គការសុខភាពពិភពលោក (WHO) ដែលដឹកនាំបេសកកម្មនេះ បាននិយាយថា ក្រុមការងាររបស់ខ្លួន និង UN បានចំណាយពេលមួយម៉ោង កាលពីថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ចុះត្រួត ពិនិត្យស្ថានភាពនៅក្នុងមន្ទីរពេទ្យ Al-Shifa ដែលត្រូវបានកងទ័ពអ៉ីស្រាអែលបើកការវាយឆ្មក់ចូលតាំងពីដើមសប្ដាហ៍នេះមក។
WHO នៅថ្ងៃអាទិត្យ ទី១៩ ខែវិច្ឆិកាដដែលនេះក៏បាននិយាយផងដែរថា មន្ទីរពេទ្យ Al-Shifa ដែលជាមន្ទីរពេទ្យធំជាង គេបំផុតនៅក្នុងតំបន់ហ្កាហ្សា បានក្លាយជា «តំបន់មរណៈ» ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អង្គការ WHO បានគូសបញ្ជាក់ដូច្នេះថា «ក្រុមការងារបានចាត់ទុកមន្ទីរពេទ្យ (Al-Shifa) គឺជាតំបន់មរណៈ ហើយ ស្ថានភាពវិញគឺពោរពេញដោយក្ដីអស់សង្ឃឹម ដោយមន្ទីរពេទ្យមិនអាចធ្វើប្រតិបត្តិការជាមូលដ្ឋានរបស់ខ្លួន ក្នុងនាមជាកន្លែងសង្គ្រោះជីវិតមនុស្ស ដោយសារតែការខ្វះខាតទឹកស្អាត ឥន្ធនៈ និងសម្ភារៈសំខាន់ៗផ្សេងទៀត។
គួរបញ្ជាក់ថា អ៉ីស្រាអែល បានប្ដេជ្ញាកម្ទេចក្រុមហាម៉ាស ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់ជនជាតិ អ៉ីស្រាអែល ១២០០នាក់ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងមនុស្សជាង២៤០នាក់ត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមហាម៉ាស។ បើតាមក្រុម ហាម៉ាសវិញ ចាប់តាំងពីពេលនោះមក អ៉ីស្រាអែលបានបើកការវាយប្រហារទម្លាក់គ្រាប់បែកឥតឈប់ឈរ បូករួមនឹងប្រតិបត្តិការយោធាជើងគោក ចូលក្នុងតំបន់ហ្កាហ្សា ដោយសម្លាប់ជនជាតិប៉ាឡេស្ទីន ១២,៣០០នាក់ហើយ ក្នុងនោះភាគច្រើនជាជនស៊ីវិល និងមានកុមារជាង ៥០០០នាក់៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។