បង្កាន់ដៃ​នាគ និង​ខឿន​ជណ្តើរ​ខាងត្បូង​របស់​ប្រាសាទអង្គរវត្ត​ នឹង​បញ្ចប់​ការជួសជុល​ មុន​ដំណាច់ខែ​វិច្ឆិកា​នេះ​

​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​និង​បុរាណវិទ្យា លោក សយ សុភា​រិន្ទ ឱ្យដឹងថា រយៈពេល​បី​ខែ​នេះ ក្រុមការងារ​របស់លោក បាន​ខិតខំ​ប្រឹងប្រែង​ជួសជុល បង្កាន់ដៃ​នាគ និង​ខឿន​ជណ្តើរ​ផ្នែក​ខាងត្បូង​របស់​ប្រាសាទអង្គរវត្ត​បានសម្រេច​ជាង​៩០​ភាគរយ​ហើយ​។​

​លោក សុភា​រិន្ទ បន្តថា ក្រុមការងារ​បាន​ជួសជុល​ពង្រឹង​គ្រឹះ​ខឿន​ជណ្តើរ និង​បង្កាន់ដៃ​នាគ​ដោយ​បែង​ចែកជា​៣​ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ ជួសជុល​ពង្រឹង​ខឿន​ជណ្តើរ​ដែល​ស្រុត ដោយ​រៀប​ថ្ម​ខឿន ទាំងឡាយ​ដែល​ក្រៀក​ហែក​ឱ្យ​ត្រូវ​តាម​លំនាំ​ដើម និង​ស្តារ​ប្រព័ន្ធ​រំដោះ​ទឹក​បុរាណ​ឡើងវិញ​។ ដំណាក់កាល​ទី​២ គឺ​ជួសជុល​ក្បាល​នាគ​ដែល​មិនមាន​លំនឹង​ឱ្យ​ឈរ​រឹងមាំ​ឡើងវិញ ដោយ​ថែម​ថ្ម​ថ្មី​ជំនួស​ខ្លួន​នាគ​ដែល​បាត់បង់​ផង​។ ដំណាក់កាល​ទី​៣ ជួសជុល​បង្កាន់ដៃ​នាគ​ប្រវែង​១៥​ម៉ែត្រ រួមទាំង​រចនា​សម្ពន្ធ​នៃ​គ្រឿង​បង្គុំ​នាគ ដើម្បីឱ្យ​ខ្លួន​នាគ​រត់​ត្រង់​ស្មើគ្នា​ដូចដើម​ឡើងវិញ​។ ក្នុងនោះ​ការជួសជុល​តួខ្លួន​នាគ និង​ក្បាល​នាគ​សម្រេចបាន​ប្រវែង​សរុប​១៨​ម៉ែត្រ​។​

​លោក សយ សុភា​រិន្ទ បញ្ជាក់ថា ការងារ​ជួសជុល​បង្កាន់ដៃ​នាគ និង​ខឿន​ជណ្តើរ​ខាងត្បូង​នៃ​ប្រាសាទអង្គរវត្ត​នេះ បានចាប់ផ្តើម​ជួសជុល​តាំងតែ​ពី​ពាក់កណ្ដាល​ខែកក្កដា​។ ចំណែក​ការងារ​មួយចំនួនទៀត ដែល​នៅ​សេសសល់​មានដូចជា ការ​ដាប់​រំលីង​ថ្ម​តួខ្លួន​នាគ​ថ្មី ការបុក​បង្ហាប់ដី​នៅតាម​ជើងទ្រ​ខាងក្រោម​នៃ​ទ្រនាប់ជើង​នាគ ការពារ​ការហូរ​ច្រោះ​ទឹក និង​ការបញ្ចៀស​ការខូចខាត​ជា​បន្តទៀត ហើយ​គ្រោង​នឹង​បញ្ចប់​នៅមុន​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​២០២៣​ខាងមុខនេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close