កម្ពុជា នាំចេញជ័រកៅស៊ូជិត ៣០ម៉ឺនតោន ទទួលចំណូលជាង ៣៧៨លានដុល្លារ ក្នុងរយៈពេល ១០ខែឆ្នាំនេះ
ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែតុលា កម្ពុជានាំចេញជ័រកៅស៊ូ ២៨៣២០២តោន និងឈើកៅស៊ូ១.៣ម៉ឺនម៉ែត្រគូបទទួលបានចំណូលជា ៣៧៨លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលទទួលបាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។
តាមរបាយការណ៍បានឲ្យដឹងថា ចំណូលពីការនាំចេញជ័រកៅស៊ូ រយៈពេល១០ខែនេះ មានចំនួន ៣៧៦,៧១២,១៩៨ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន ១,៤១៨,៤៨២ដុល្លារ។
គិតត្រឹមខែតុលា ឆ្នាំ២០២៣ ជ័រកៅស៊ូមានតម្លៃ ១ ៣២៧ដុល្លារ ក្នុង១តោន ថយចុះចំនួន១៥៤ដុល្លារ ក្នុងមួយតោន ស្មើនឹង១០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។ ចំណែកតម្លៃនៃការនាំចេញឈើកៅស៊ូ ក្នុងរយៈពេលដូចគ្នានេះ មានតម្លៃ២០៥ដុល្លារ ក្នុងមួយម៉ែត្រគីប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។
ក្នុងឆ្នាំ២០២២ កន្លងទៅកម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។