បុរស​ម្នាក់ បា​ញ់សម្លាប់​ប្តី​ប្រពន្ធ ២​នាក់ ចោទថា​ចេះ​អំពើ​អាប​ធ្មប់ នៅ​ខេត្តព្រះវិហារ​

កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ បុរស​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ក្រោយ​បាញ់សម្លាប់​ប្តី​ប្រពន្ធ ២​នាក់ ដោយ​ចោទថា ចេះ​អំពើ​អាប​ធ្មប់ នៅ​ចំណុច​បុស្ស​ល្ហុង ចំការ​របស់​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ធ្មា ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។​

​ជនសង្ស័យ​ឈ្មោះ អាំ ឡា​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​ត្រូវជា​ក្មួយ​ជនរងគ្រោះ​) បាន​ប្រើប្រាស់​អាវុធ​កែច្នៃ (​កាប៊ីន​) ចំនួន ០២​ដើម បាញ់​ទៅលើ​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​គំនុំ (​ចោទថា​ចេះ​អាប​ធ្មប់​)​។​

​ករណី​ខាងលើនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន និង​ដកហូត​បាន​អាវុធ​កែច្នៃ​(​កាប៊ីន​)​ចំនួន ០២​ដើម​។​

​ជាមួយគ្នានេះ ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់ លាក់ទុក និង​កំពុង​កែច្នៃ​អាវុធ​កាប៊ីន​ដោយ​ខុសច្បាប់ សូម​រួសរាន់​រាយការណ៍ និង​ប្រគល់ជូន​សមត្ថកិច្ច​ជា​បន្ទាន់ដោយ​ស្ម័គ្រចិត្ត មិន​ដូច្នេះ​ទេ លោកអ្នក​ប្រឈម​នឹង​ផ្លូវច្បាប់​។​សមត្ថកិច្ច​យើងខ្ញុំ​សង្ឃឹមថា​ប្រជាពលរដ្ឋ​សហការ​បានល្អ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close