ធ្លាក់​យន្តហោះ​យោធា​អាមេរិក​ផ្ទុក​មនុស្ស ៨​នាក់ នៅក្បែរ​ឆ្នេរ​ប្រទេស​ជប៉ុន

​ឆ្មាំ​សមុទ្រ​ជប៉ុន​បានឱ្យដឹងថា នៅ​ថ្ងៃ​ពុធ​នេះ យន្តហោះ​យោធា​អាមេរិក​មួយគ្រឿង​ប្រភេទ Osprey ដែល​ផ្ទុក​មនុស្ស​ចំនួន​៨​នាក់ បាន​ធ្លាក់​នៅក្បែរ​ឆ្នេរ​នៃ​ប្រទេស​ជប៉ុន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​អ្នកនាំពាក្យ​ឆ្មាំ​សមុទ្រ​ជប៉ុន បាន​និយាយ​ដូច្នេះ​ថា «​ពួកយើង​ទទួលបាន​ព័ត៌មាន នៅវេលា​ម៉ោង​២៖២៧​នាទី​រសៀល​ថ្ងៃនេះ (​ម៉ោង​ក្នុង​តំបន់​) ថា យន្តហោះ Osprey របស់​យោធា​អាមេរិក​១​គ្រឿង បាន​ធ្លាក់​នៅក្បែរ​កោះ Yakushima ហើយ​យើង​ក៏​ត្រូវបាន​ជូនដំណឹង​ផងដែរ​ថា មាន​បុគ្គលិក​យោធា​របស់​យន្តហោះ​ផ្ទាល់​ចំនួន​៨​នាក់ ដែល​ជិះ​នៅលើ​នោះ​»​។​

​កោះ Yakushima ស្ថិតនៅ​ភាគខាងត្បូង កោះធំ Kyushu ដែល​នៅ​ភាគខាងត្បូង​បំផុត​នៃ​ប្រទេស​ជប៉ុន​។ យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន អ្នកស្រុក​រស់នៅក្នុង​តំបន់ បាន​រាយការណ៍​ថា យន្តហោះ​យោធា​អាមេរិក​ខាងលើ មាន​ផ្សែងហុយ​ចេញពី​ម៉ា​ស៉ី​ន​ខាងឆ្វេង នៅពេលដែល​វា​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​។ ដោយឡែក អ្នកនាំពាក្យ​នៃ​កងកម្លាំង​យោធា​អាមេរិក​ប្រចាំ​ប្រទេស​ជប៉ុន មិនទាន់បាន​ឆ្លើយតប​ចំពោះ​សំណើសុំ​ផ្តល់​ការអត្ថាធិប្បាយ​ទេ​។​

​គួរ​បញ្ជាក់ថា ហេតុការណ៍​ខាងលើនេះ​កើតឡើង បន្ទាប់ពី​យន្តហោះ​យោធា Osprey ១​គ្រឿង​ទៀត បាន​ធ្លា​ក់នៅ​ភាគ​ខាងជើង​អូស្ត្រាលី កាលពី​ខែសីហា​កន្លងទៅ និង​បាន​ផ្តាច់ជីវិត​កង​ម៉ា​រី​ន​អាមេរិក​៣​នាក់ ក្នុងចំណោម​២៣​នាក់ ដែល​ជិះ​នៅលើ​នោះ អំលុង​ការធ្វើ​សមយុទ្ធ​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close