​កម្ពុជា រកចំណូលបាន ៨៣១​លាន​ដុល្លារ ពី​ការលក់​គ្រាប់ស្វាយចន្ទី​ឆៅ ក្នុង​រយៈពេល​១០​ខែ​

​រយៈពេល​១០​ខែ ឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ឆៅ​ជាង ៦១​ម៉ឺន​តោន ទទួលបាន​ទឹកប្រាក់ ៨៣១​លាន​ដុល្លារ ថយចុះ​ជិត ១៦.៧% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម​ទិន្នន័យ ពី​សមាគម​ស្វាយចន្ទី​កម្ពុជា​។​

​សមាគម​ស្វាយចន្ទី​កម្ពុជា​បាន​គូសបញ្ជាក់ថា តម្លៃ​មធ្យម​គ្រាប់ស្វាយចន្ទី​ស្ងួត​តម្លៃ ១,៦៥៨​ដុល្លារ ក្នុង​១​តោន​។ សម្រាប់​ខែតុលា គ្រាប់​ស្ងួត​តម្លៃ ៧០០០​រៀល ទៅ​៧៥០០​រៀល ក្នុង​១​គីឡូក្រាម ឬ ១៩០០​ដុល្លារ ក្នុង​១​តោន​។​

​ស្វាយចន្ទី គឺ​ដំណាំ​យុទ្ធសាស្ត្រ ដែល​រាជរដ្ឋាភិបាល បាន​នឹង​កំពុង​យកចិត្តទុកដាក់ និង​ជំរុញ​ការនាំចេញ​ឲ្យ​បាន​ច្រើនជាងគេ​នៅលើ​ពិភពលោក ឬ​អាច​និយាយបានថា «​ជា​អធិរាជ​» នាំចេញ​គ្រប់​ស្វាយចន្ទី នាពេលខាងមុខ​។​

​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ ស្តីពី​ស្វាយចន្ទី ២០២២-២០២៧ ដែលជា​ផែនទី​ចង្អុល​ផ្លូវ​ដែល​បាន​ផ្តោត ទៅលើ​គោលដៅ​យុទ្ធសាស្ត្រ​ធំៗ​ចំនួន​៣ គឺ​យុទ្ធសាស្ត្រ​នៃ​ការផលិត យុទ្ធសាស្ត្រ​នៃ​ការកែច្នៃ និង​យុទ្ធសាស្ត្រ​នៃ​ការនាំចេញ ប្រកបដោយ​និរន្ត​ភាព ភាព​ប្រកួតប្រជែង និង​ឈានមុខ​គេ​លើ​ទីផ្សារ​។​

​គោលនយោបាយ​នេះ នឹង​រួមចំណែក​សំខាន់ ក្នុងការ​សម្រេចបាន​គោលដៅ របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ប្រែក្លាយ​កម្ពុជា ជា​អធិរាជ​នាំចេញ​គ្រាប់ស្វាយចន្ទី ទៅកាន់​ទីផ្សារ​អន្តរជាតិ ដោយ​គោលនយោបាយ​នេះ បានដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ជាក់លាក់ និង​គ្រប់​ជ្រុងជ្រោយ ដែលមាន​ក្រសួង ស្ថាប័ន ទទួលបន្ទុក និង​ពេលវេលា​អនុវត្ត​ច្បាស់លាស់​។​

​ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ ដែលមាន​សក្ដានុពល​ខ្លាំង ក្នុង​ការដាំ​ដំណាំ​ប្រភេទ​ដើម​ស្វាយចន្ទី ម្យ៉ាងទៀត​ដំណាំ​ស្វាយចន្ទី គឺជា​ដំណាំ​ផ្ដល់​អត្ថ​ប្រ​យោ​ជ​ន៏​ច្រើន​។ ដំណាំ​ស្វាយចន្ទី​ងាយស្រួល​ដាំ​ដុះ ដែល​អាច​ឲ្យ​កសិករ​ធ្វើ​ការដាំដុះ តាម​លក្ខណៈ​ធម្មតា ក៏​អាច​ដុះ​បានល្អ​។​

​យោងតាម​ទិន្នន័យ​ពី​សមាគម​ស្វាយចន្ទី​កម្ពុជា បច្ចុប្បន្ន ផ្ទៃដី​ដាំ​ដុះ​គ្រាប់ស្វាយចន្ទី សរុប​ប្រមាណ​៧០​ម៉ឺន​ហិកតា​។​

​កាលពី​ឆ្នាំ​២០២១ ផលិតកម្ម​គ្រាប់ស្វាយចន្ទី​ឆៅ នៅលើ​ពិភពលោក​មាន​ប្រមាណ ៥​លាន​តោន ក្នុងនោះ​កម្ពុជា​ផលិត​បាន ១ ១៨០ ០០០ តោន ស្មើនឹង​២៤%​នៃ​ការផលិត​សរុប ដែល​ធ្វើឱ្យ​កម្ពុជា​ជាប់​លេខ​១ ដែល​ផលិត​គ្រាប់ស្វាយចន្ទី​បាន​ច្រើនជាងគេ​នៅលើ​ពិភពលោក​។ ចំណែក​នៅ​ឆ្នាំ​២០២២ កម្ពុជា​ផលិត​បាន ៦៩​ម៉ឺន​តោន ជាប់​លេខ​ពីរ​នៅលើ​ពិភពលោក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close