​កម្ពុជា រក​ចំណូល​ជាង ៣២​លាន​ដុល្លារ ពី​ការលក់​បណ្ណ​ចូល​ទស្សនា​អង្គរ ក្នុងពេល​១១​ខែ ឆ្នាំនេះ

​រយៈពេល​១១​ខែ ពោល​ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ កម្ពុជា​រកចំណូលបាន​ចំនួន ៣២,៥៤៦,៨៤៧​ដុល្លារ​អាមេរិក ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ និង​មាន​ភ្ញៀវទេសចរ​បរទេស ចំនួន​សរុប ៦៩៩,៩៩៦​នាក់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​គ្រឹះស្ថាន​អង្គរ ដែល​ទទួលបាន​នៅ​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២៣​។​

​គ្រឹះស្ថាន​អង្គរ​បានបញ្ជាក់​ទៀតថា សម្រាប់​ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ គ្រឹះស្ថាន​អង្គរ រកចំណូលបាន​ចំនួន ៤,៦៦៤,៤១២​ដុល្លារ​អាមេរិក ពី​ការលក់​បណ្ណ​ជូន​ភ្ញៀវទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ចំនួន​៩៧,៤២៦​នាក់​។​

​សូមជម្រាបថា ក្នុង​រយៈពេល​១១​ខែ ឆ្នាំ​២០២៣​នេះ រាជរដ្ឋាភិបាល បាន​ឧបត្ថម្ភ​មូលនិធិ នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​កម្ពុជា បាន​ចំនួន​សរុប ១,៣៩៩,៩៩២​ដុល្លារ​អាមេរិក ពី​ចំណែក​នៃ​ការលក់​បណ្ណ ជូន​ភ្ញៀវទេសចរ​បរទេស ចូល​ទស្សនា​រមណីយ​អង្គរ ដើម្បី​ជួយ​ក្នុង​មូលនិធិ សម្រាប់​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close