ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ ឆ្នាំ​២០២៣​នេះ មាន​ប្រារព្ធ​ពិធី​បែប​ប្រពៃណី​សាសនា ការសម្តែង​ទស្សនីយភាព​សិល្ប​:​ជាច្រើន​ទម្រង់ សម្រាប់​សាធារណៈ​ទស្សនា និង​សិក្សា​ស្វែងយល់​

​ឯកឧត្តម ឡុង កុសល អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​មានប្រសាសន៍ថា ពិធី​រំលឹក​គុណ​អង្គរ នឹង​រៀបចំឡើង​រយៈពេល​១០​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០៧ ដល់ទី​១៦ ខែធ្នូ ឆ្នាំ​២០២៣ ដែលមាន​ប្រារព្ធ​កម្មវិធី​សាសនា ស្ដង់​ពិ​ព័រ​ណ៌ និង​ការសម្ដែង​សិល្បៈ​បុរាណ​នៅពេល​រាត្រី​។​

​ពិធី​នឹង​ចាប់ផ្តើម​បើក​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២៣ ដោយមាន​ពិធីបួងសួង​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត លោកជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា ថ្នាក់ដឹកនាំ​ខេត្តសៀមរាប ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា តំណាង​អង្គការ​ដៃគូរ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ ភ្ញៀវទេសចរ​ជាតិ​និង​ភ្ញៀវ​អន្តរជាតិ​។ នៅ​ព្រឹក​ថ្ងៃ​នោះដែរ​បន្ទាប់ពី​កម្មវិធី​បួងសួង ក៏មាន​ពិធី​រាប់​បាត​ព្រះសង្ឃ​ផងដែរ​។​

​ឯកឧត្តម ឡុង កុសល បានឱ្យដឹង​ទៀតថា នៅ​ថ្ងៃ​បន្តបន្ទាប់​ក៏មាន​នូវ​ទស្សនីយភាព​ជាច្រើន​ដូចជា​៖ កម្មវិធី​បែប​សាសនា​សំខាន់ៗ ការតាំង​ពិ​ព័រ​ណ៌​បង្ហាញ​សមិទ្ធផល​ការងារ​រយ​:​ពេល​៣១​ឆ្នាំកន្លងមក​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា ស្នាដៃ​សិល្បៈ​ជាច្រើន​ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​អង្គការ​យូណេស្កូ និង​ក្បួន​ព្យុះ​ហយា​ត្រា​របស់​សិស្សានុសិស្ស​ចំនួន​ជាង​១,២៥០​នាក់ ក្រោម​ពាក្យស្លោក​អរគុណ​អង្គរ និង​អរគុណ​សន្តិភាព ការសម្តែង​សិល្បៈ​ល្ខោន​យីកេ ការសម្តែង​សិល្បៈ​ល្ខោន​ស្រមោល​ស្បែក​ធំ​ជាដើម​។ រាល់​កម្មវិធី​សាសនា សិល្បៈ​ទស្សនីយភាព​ទាំងអស់ នឹង​បើក​ជា​សាធារណៈ​ចូល​ទស្សនា​ដោយ​ពុំមាន​បង់ប្រាក់​នោះទេ​។ អាស្រ័យ​ដូចនេះ សូម​បងប្អូន​សាធារណជន​អញ្ជើញ​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​។​

​សូម​ជម្រាប​ដែរ​ថា នេះ​ជា​ឆ្នាំ​ទី​បី​ហើយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀប​ព្រឹ​តិ្ត​ការណ៍​រំលឹក​គុណ​អង្គរ​នេះ​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​រំលឹក​គុណ អង្គ​ព្រះមហាក្សត្រ​គ្រប់​ព្រះអង្គ និង​បុព្វការី​ជន​ដែល​លោក​បាន​កសាង និង​ថែរក្សា​ប្រាសាទ​ទាំងអស់​នៅក្នុង​រមណីយដ្ឋាន​អង្គរ ដោយបាន​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ជាតិ​មាតុភូមិ​តាំងពីដើម​រហូតដល់​ស​ព្វ​ថ្ងៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close