​កម្ពុជា លើក​ទឹក​ចិ​ត្ដ​មិ​ត្ដ​ចិន ក្នុងការ​រៀបចំ​វេទិកា​ឱសថ​បុរាណ មេគង្គ​-​ឡាន​ឆាង ឱ្យ​កាន់តែ​ទូលំទូលាយ​

​កម្ពុជា​លើកទឹកចិត្ដដ​ល់​មិ​ត្ដ​ចិន​ក្នុង​ការរៀបចំ​វេទិកា​ឱសថ​បុរាណ មេគង្គ​-​ឡាន​ឆាង ឱ្យ​កាន់តែ​ទូលំទូលាយ និង​សហការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ក្រុម​ជំនាញ​វេជ្ជសាស្ដ្រ​បុរាណ​កម្ពុជា​។​

​លោក​បណ្ឌិត ប៉ៃ សំបូរ អគ្គលេខាធិការ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​នៃ​ទីស្ដីការគណៈរដ្ឋមន្ដ្រី​បាន​ជំរុញ​លើកទឹកចិត្ដដ​ល់​មិ​ត្ដ​ចិន​ក្នុងការ​រៀបចំ​វេទិកា​ឱសថ​បុរាណ មេគង្គ​-​ឡាន​ឆាង ឱ្យ​កាន់តែ​ទូលំទូលាយ និង​សហការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ក្រុម​ជំនាញ​វេជ្ជសាស្ដ្រ​បុរាណ​កម្ពុជា ដើម្បី​ជា​ប្រយោជន៍​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។ ការជំរុញ​បែបនេះ ក្នុង​វេទិកា​ឱសថ​បុរាណ មេគង្គ​-​ឡាន​ឆាង លើក​ទី​១ នា​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ​។​

​លោក​បណ្ឌិត ប៉ៃ សំបូរ បាន​មានប្រសាសន៍​សម្ដែង​នូវ​ការគាំទ្រ​លើ​ខឹ្ល​ម​សារ និង​បេសកកម្ម​ការងារ​ដែល​មិ​ត្ដ​ចិន​បាន​ចូលរួមចំណែក​លើកកម្ពស់​ផ្នែក​វេជ្ជសាស្ដ្រ​បុរាណ​ចិន ដែលជា​ជ្រុង​ដ៏​សំខាន់​នៃ​វប្បធម៌​ចិន ហើយក៏​ជាការ​រួមចំណែក​ដល់​កិច្ច​កសាង​សហគមន៍​រួម​វាសនា​ដោយ​ផ្ដោតលើ​វិស័យ​សុខភាព​សាធារណៈ​ជា​អាទិភាព​។​

​លោក​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ ថ្ងៃនេះ​គឺជា​សក្ខីភាព​បញ្ជាក់បន្ថែម​មួយទៀត​ដែល​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល ត្រូវបាន​ក្រុម​វិ​ជ្ជ​សាស្ដ្រ​បុរាណ​ចិន អញ្ជើញ​ចូលរួម​វេទិកា​ឱសថ​បុរាណ​ថ្នាក់​តំបន់ ជាពិសេស​ផ្ដោតលើ​ប្រធានបទ​ស្ដីពី «​ឱសថ​បុរាណ​បង្កើត​សុខភាព​រួម​អនាគត​»​។​
​ជាមួយគ្នា​នោះដែរ​លោក​ក៏បាន​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២៣ លោក​ក៏បាន​ចូលរួម​សិក្ខាសាលា​ម្ដង​ដែរ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​សៀមរាប គឺជា​ការ​រម្លឹក​ដល់​ប្រ​វ​ត្ដិ​ទំនាក់ទំនង​ដ៏​រឹងមាំ​រវាង​ប្រជាជាតិ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា និង​ចិន ដែល​បាន​កត់ត្រា​ដោយ​លោក ជីវ តាក្វាន់ ក្នុង​ដំណើរ​មកកាន់​រាជធានី​អង្គរ​។ បន្ថែម​លើ​នេះ​ទៀត នៅមាន​បេសកជន​ការទូត និង​អ្នកស្រាវជ្រាវ​ឱសថ​បុរាណ​ចិន​ជាច្រើន​ដែល​បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ហើយ​បាន​រកឃើញ​នូ​វន​វា​នុ​វត្ដ​ន៍​ផ្នែក​វិ​ជ្ជ​សាស្ដ្រ​បុរាណ​ចិន​។​

​ចំណែក​លោក Wang Xiaopin លេខា​គណៈកម្មាធិការ​ប​ក្ស​នៃ​មន្ទីរពេទ្យ កង​អាន​មិន បណ្ឌិតសភា​វិទ្យាសាស្ដ្រ វេជ្ជសាស្ដ្រ​ចិន​បាន​លើកឡើងថា តាំងពី​បុរាណកាល​មក ឱសថ​បុរាណ​ចិន​គឺជា​ផ្នែក​សំខាន់​នៃ​ការផ្លាស់ប្ដូរ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្ដា​ប្រទេស​នៅតាម​បណ្ដោយ​ផ្លូវ​សូត្រ​បុរាណ​។​

​លោក​បានឱ្យដឹងថា ប្រសិទ្ធភាព និង​តួនាទី​របស់​ឱសថ​បុរាណ​ចិន ក្នុងការ​បង្ការ និង​ព្យាបាល​ជំងឺ​ទូទៅ ជំងឺ​ដែល​កើតឡើង​ញឹកញាប់ ជំងឺ​រ៉ាំរ៉ៃ និង​ជំងឺ​ធំៗ ត្រូវបាន​សហគមន៍​អន្ដរជាតិ​ទទួលស្គាល់ និង​ទទួលយក​កាន់តែខ្លាំង​ឡើង​។​

​លោក​បាន​បន្ថែមថា ឱសថ​បុរាណ​ដែលជា​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក បាននិងកំពុង​ដើរតួនាទី​មិនអាច​ជំនួស​បាន​ក្នុងការ​លើកកម្ពស់​សុខ​ភាព និង​សុខុមាលភាព​របស់​មនុស្ស​ជាតិ​។ ទន្ទឹមនេះ ឱសថ​បុរាណ​ចិន ត្រូវបាន​បង្កើត​ឡើងជា​បណ្ដើរៗ និង​បន្ដ​ពង្រឹង និង​អភិវឌ្ឍន៍​ដោយ​ប្រជា​ជាតិចិន ក្នុង​ការផលិត ជីវិត​រស់នៅ និង​ក្នុង​ការតស៊ូ​ប្រឆាំងនឹង​ជំងឺ​យូរលង់​មកហើយ ដែលជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ពី​ការយល់ដឹង​អំពី​ជីវិត សុខភាព និង​ជំងឺ​របស់​ប្រជាជន​ចិន ហើយក៏​ជា​ផ្នែក​ដ៏​សំខាន់​នៃ​វិស័យ​វេជ្ជសាស្ដ្រ និង​សុខាភិបាល​របស់​ប្រទេស​ចិន​។​

​លោក Wang Xiaopin បាន​អះអាងថា មន្ទីរ កង​អាន​មិន នឹង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ការងារ​ជំនួយ​ផ្នែក​វេជ្ជសាស្ដ្រ​របស់​ក្រុមគ្រូពេទ្យ​កម្ពុជា និង​ការអភិវឌ្ឍ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឱសថ​បុរាណ​ចិន​-​កម្ពុជា ឱ្យ​ប្រាជ្ញា​បុរាណ​ពី​ប្រទេស​ចិន​អាច​បម្រើប្រជាជន​ឡាន​ឆាង​-​មេគង្គ​បាន​កាន់តែច្រើន​។​

​លោកស្រី Zhong Jie ទីប្រឹក្សា​ការិយាល័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា វេទិកា​ឱសថ​បុរាណ មេគង្គ​-​ឡាន​ឆាង លើក​ទី​១ គឺមាន​គោលបំណង​ជំរុញ​ការផ្លាស់ប្ដូរ និង​កិច្ចសហប្រតិបត្ដិការ​រ​វាង​ប្រទេស​ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង នូវ​វិស័យ​វេជ្ជសាស្ដ្រ និង​សុខភាព ហើយ​រួមគ្នា​លើកកម្ពស់​ភាពរុងរឿង និង​ការអភិវឌ្ឍ​នៃ​ឱសថ​បុរាណ​។​
​លោកស្រី​បាន​ថ្លែង​បញ្ជាក់ថា វេទិកា​នេះ គឺជា​វិធីសាស្ត្រ​ព្យាបាល​ដ៏​យូរអង្វែង​មួយ ដែល​ឱសថ​បុរាណ មានការ​គិតគូរ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់មនុស្ស និង​បេតិកភណ្ឌ​វប្បធម៌ ហើយ​ជា​ខ្លឹមសារ​សំខាន់​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​។​

​លោកស្រី​ក៏បាន​រម្លឹកថា កាលពី​ថ្ងៃទី​១២ ខែតុលា កន្លងមក មជ្ឈមណ្ឌល​ស្រាវជ្រាវ​ឱសថ​បុរាណ​ចិន​-​កម្ពុជា ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ ហើយ​ការបង្កើត​មជ្ឈមណ្ឌល​នេះ នឹង​ជួយ​ដល់​ការស្វែងរក​គំរូ​ថ្មី និង​ផ្លូវ​ថ្មី សម្រាប់​ការសាងសង់​មជ្ឈមណ្ឌល​ឱសថ​បុរាណ​ចិន​នៅ​បរទេស ដែល​ក៏​នឹង​ជួយ​ធ្វើឱ្យ​ចំណង​មិ​ត្ដ​ភាព​កម្ពុជា​-​ចិន កាន់តែ​ស៊ីជម្រៅ ក៏ដូចជា​រួមចំណែក​ក​សាង​សហគមន៍​រួម វាសនា​រួម ចិន​-​កម្ពុជា​ក្នុង​យុគ្គ​សម័យថ្មី​។​

​សូម​ជម្រាបជូន​ថា ក្នុង​វេទិកា​ឱសថ​បុរាណ មេគង្គ​-​ឡាន​ឆាង លើក​ទី​១​នេះ ត្រូវបាន​រៀបចំឡើង​នៅ កម្ពុជា ដោយមាន​កិច្ចសហការ​រវាង មន្ទីរពេទ្យ កង​អាន​មិន បណ្ឌិតសភា​វិទ្យាសាស្ដ្រ វេជ្ជសាស្ដ្រ​ចិន ជាមួយ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ និង​ដោយមាន​ការគាំទ្រ​ពី​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​៕​

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close