រាជរដ្ឋាភិបាលជប៉ុន ផ្តល់ថវិកា ៣សែនដុល្លារ ជួយអភិរក្សតំបន់រមណីយដ្ឋានសំបូរព្រៃគុក
រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មី ដែលមានចំនួនទឹកប្រាក់ស្មើនឹង ៣សែនដុល្លារអាមេរិក សម្រាប់ការងារជួសជុលឡើងវិញ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស លើតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ពីស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា៖ «គម្រោងជំនួយថ្មីនេះ នឹងរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធិភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។
គួរបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើសកម្មភាពនានាក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក ក្នុងរូបភាពចម្បង តាមរយៈគម្រោងមូលនិធិដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨,៩៦៧ដុល្លាសហរដ្ឋអាមេរិក។ បើនិយាយឱ្យលម្អិតរដ្ឋាភិបាលជប៉ុន បានជួយលើសម្ភារៈ និងឧបករណ៍ដេញថ្លៃនានា សម្រាប់ប្រើប្រាស់លើការងារជួសជុលឡើងវិញដែលមានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។
សេចក្តីប្រកាសព័ត៌មានដដែល បានបន្តថា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននឹងកំពុងសាងសង់អគារបណ្តុះបណ្តាល និងផ្តល់សម្ភារនិងឧបករណ៍មួយចំនួន សម្រាប់ការងារជួសជុលអភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុក។
រដ្ឋាភិបាលជប៉ុន ជឿជាក់ថា តាមរយៈគម្រោងដែលបានរៀបរាប់ទាំងនេះ ព្រមទាំងគម្រោងជំនួយថ្មីនឹងជួយផ្ដល់សមត្ថភាពដល់សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា បានរៀនជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ ព្រមទាំងទទួលបានចំណេះដឹង តាមរយៈកម្មវិធីកសាងសមត្ថភាព និងការបណ្តុះបណ្តាលការងារដោយការអនុវត្តជាក់ស្ដែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។