ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ៥០​លាន​គ្រាប់ ត្រូវបាន​អាជ្ញាធរ​ថៃ​រឹបអូស​បាន​នៅក្បែរ​ព្រំដែន​ជាប់​មី​យ៉ាន់​ម៉ា​

​អាជ្ញាធរ​នៅក្នុង​ប្រទេស​ថៃ បានឱ្យដឹងថា​ពួកគេ​បាន​រឹបអូស​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (methamphetamine) ៥០​លាន​គ្រាប់ នៅក្បែរ ព្រំដែន​របស់​ថៃ​ជាប់​ជាមួយ​មី​យ៉ាន់​ម៉ា ហើយ​នេះ​ជា​កំណត់ត្រា​រឹបអូស​ថ្នាំញៀន​ប្រភេទ​នេះ​បំបែក​កំណត់ត្រា​ថ្មី​មួយ​ក្នុងប្រទេស​ថៃ និង​ធំ​បំផុត​ទី​២ នៅក្នុង​តំបន់ អាស៊ី​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១៣ ខែធ្នូ ឆ្នាំ​២០២៣​។​

​តាម​ប៉ូលិស​ថៃ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ខាងលើ​ត្រូវបាន​លាក់​នៅក្នុង​កាបូប​ធំ​មួយ​នៅលើ​រថយន្ដ​មួយគ្រឿង ដែល​ត្រូវបាន​ស្ទាក់ចាប់​ដោយ​ប៉ូលិស និង​ទាហាន​ថៃ កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ នៅឯ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយកន្លែង​ស្ថិតនៅក្នុង​ខេត្ត Kanchanaburi ភាគ​ខាងលិច​នៃ​ប្រទេស​ថៃ​។ ប៉ូលិស​ថៃ​បន្ថែមថា​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​ជិះ​នៅក្នុង​រថយន្ដ​ត្រូវបាន​ឃាត់ខ្លួន​ផងដែរ​។​

​គួរ​បញ្ជាក់ថា បើតាម​លោក Jeremy Douglas ជា​តំណាង​ការិយាល័យ​អង្គការសហប្រជាជាតិ​ប្រឆាំង​គ្រឿងញៀន និង​បទឧក្រិដ្ឋ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ទំហំ ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ដែល​អាជ្ញាធរ​បាន​រឹបអូស គឺជា​ការ​រឹបអូស​ថ្នាំញៀន​ប្រភេទ​នេះ​ធំ​ទី​២ ក្នុង​តំបន់​អាស៊ី បន្ទាប់ពី​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ៥៥​លាន​គ្រាប់ ត្រូវបាន​រឹបអូស ក្នុងប្រទេស​ឡាវ ក្បែរ​តំបន់ត្រីកោណមាស​កាលពី​ឆ្នាំ​២០២១​។ លោក Douglas បាន​សង្កត់ធ្ងន់​ដែរ​ថា​ជម្លោះ និង​ភាពចលាចល​ក្នុងប្រទេស មី​យ៉ាន់​ម៉ា ចាប់តាំងពី​ឆ្នាំ​២០២១​មក បានផ្ដល់​ឱកាស និង​អនុញ្ញាតឱ្យ​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ពង្រីក​បណ្ដាញ និង​ប្រតិបត្តិ​ការរត់ពន្ធ​គ្រឿងញៀន របស់​ពួកគេ​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close