​អាជ្ញាធរ បំផ្លាញចោល​សាច់​បង្កក​ខូចគុណភាព​ជាង ២​តោន មើម​ខ្ញី និង​ខ្ញី​ហាន់​ត្រាំ​សារធាតុ​គីមី

​នៅ​រសៀល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២៣ មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» បាន​នាំយក​សាច់​បង្កក​ខូចគុណភាព ចំនួន ២,២២៨​គីឡូក្រាម មើម​ខ្ញី និង​ខ្ញី​ហាន់​រួច ដែលមាន​ត្រាំ​សារធាតុ​គីមី Sodium Hydrosulfite ចំនួន ១៧០​គីឡូក្រាម សរុប​ប្រមាណ ២,៣៩៨​គីឡូក្រាម ទៅ​បំផ្លាញចោល​នៅ​ទីលាន​ចាក់សំរាម ស្ថិតនៅ​សង្កាត់​ជើងឯក ខណ្ឌដង្កោ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា សាច់​បង្កក​ខូចគុណភាព មើម​ខ្ញី និង​ខ្ញី​ហាន់​រួច ដែលមាន​ត្រាំ​សារធាតុ​គីមី Sodium Hydrosulfite ដែល​យកទៅ​បំផ្លាញចោល​នេះ ធ្វើឡើង​ក្នុង​ប្រតិបត្តិការ​ដូច​ភ្លៀងរលឹម ក្រោម​ការណែនាំ​ជាប្រចាំ​ពី​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ការដឹកនាំ​បញ្ជា​ផ្ទា​ល់ពី​លោក ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. ក្នុង​ការធានា​ឱ្យបាន​នូវ​កិច្ចការពារ​សុខុមាលភាព​ប្រជាពលរដ្ឋ ក្នុងការ​ទទួលបាន​នូវ​ផលិតផល​ម្ហូបអាហារ​ប្រកបដោយ​សុវត្ថិភាព​។​

​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​ណែនាំ​ដល់​មន្ត្រីក្រោមឱវាទ​រប​ស់​ខ្លួន​ឱ្យ​បង្កើន​សកម្ម​ភាពចុះ​តាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និង​បង្ក្រាប​នូវ​រាល់​ទីតាំង និង​មធ្យោបាយ​ដឹកជញ្ជូន និង​តម្រូវឱ្យ​ប្រតិបត្តិ​ករ​អាជីវកម្ម​នាំចូល ចែកចាយ ផលិតផល​ម្ហូបអាហារ ប្រភេទ​សាច់សត្វ ស្រស់ បង្កក និង​ផលិតផល អំពី​សត្វ ត្រូវ​បង្ហាញ​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដោយមាន​ភ្ជាប់​នូវ​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​ពី​ប្រទេស​នាំចេញ ដោយ​ត្រូវគោរព និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ស្របទៅតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ការ​វេច​ខ្ចប់ និង​ដឹកជញ្ជូន ស្តុក​ទុក រួមទាំង​ភាព​អនុលោម​ទៅតាម​ច្បាប់ និង​ទ​ប​ប្បញ្ញត្តិ​ជា​ធរមាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close