ប្រទះឃើញ​ចម្លាក់​បដិមា​ថ្មភក់​ចំនួន​៦ នៅ​ខ្លោងទ្វារ​ខាងត្បូង​របស់​ប្រាសាទតាព្រហ្ម​

​ក្រុមការងារ​ជូ​ស​ជុល​ប្រាសាទបុរាណ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា​នៅ​ការដ្ឋាន​ប្រាសាទតាព្រហ្ម បាន​ប្រទះឃើញ​ចម្លាក់​បដិមា​បុរាណ​ធ្វើ​ពី​ថ្មភក់​ចំនួន​៦​ដុំ​នៅក្នុង​ការដ្ឋាន​ដែល​ពួកគេ​កំពុងតែ​ជួសជុល​។​

​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា​របស់​អាជ្ញាធរ​ជាតិ​អប្សរា អ្នកស្រី នេ​ត ស៊ី​មន មានប្រសាសន៍ថា ចម្លាក់​ថ្ម​បុរាណ​ដែល​គេ​ប្រទះឃើញ​នោះ មានដូចជា រូប​ព្រះពុទ្ធ​គង់​ភ្នែន​ប្រក់​នាគ​ចំនួន​២ រូបលោក​កេ​ស្វរៈ​ចំនួន​១ រូប​ព្រះពុទ្ធ​គង់​ភ្នែន​ប្រក់​នាគ​បាក់​ព្រះ​កេស​ទម្រង់​សមាធិ និង​បាក់​ព្រះហស្ត​ទាំង​សង​ចំនួន​២ និង​ថ្ម​កំពូល​ហោជាង ដែលមាន​ចម្លាក់​រូប​ព្រះពុទ្ធ​គង់​ភ្នែន មាន​ទេព​ទ្រ​ពីក្រោម​១​ផ្ទាំង​ទៀត​។

​អ្នកស្រី នេ​ត ស៊ី​មន បន្តទៀតថា រូបចម្លាក់​ទាំងនោះ​បាន​កប់​នៅក្រោម​កំណក​ដី​របស់​ខឿន​ខ្លោងទ្វារ​ខាងត្បូង​នៃ​ប្រាសាទតាព្រហ្ម ហើយ​ក្រុមការងារ​បាន​ប្រទះឃើញ​នៅពេលដែល​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ​បុរាណវិទ្យា​ឥណ្ឌា​(ASI)​ចាប់ផ្ដើម​ការងារ​ជួសជុល​ខ្លោងទ្វារ​នេះ​ឡើងវិញ ដោយបាន​រើ​ថ្ម​នៃ​រចនា​សម្ពន្ធ​ខ្លោងទ្វារ​ដែល​នៅ​រាយប៉ាយ​ដើម្បី​រៀបចំ​ទៅតាម​ទីតាំង​ដើម​ឡើងវិញ​តាម​បច្ចេកទេស​អាណា​ស្ទី​ឡូ កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close