ខេត្ត​ចំនួន​៤ នៅ​កម្ពុជា ចុះ​ត្រជាក់​ពី​១៦-១៨°C ក្នុង​រយៈពេល​២​ថ្ងៃនេះ​

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង អំពី​ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២៣​។​

​នៅ​ថ្ងៃទី​២៥ និង​ទី​២៦ ប្រព័ន្ធ​សម្ពាធ​ខ្ពស់​នៅលើ​ប្រទេស​ចិន​បន្ត​ឥទ្ធិពល​គ្របដណ្ដប់​លើ​ប្រទេស​កម្ពុជា ជាមួយនឹង​ខ្យល់មូសុង​ឦសាន​បក់​ពី​បង្គួរ​ទៅ​ខ្លាំង ហើយ​ចាប់ពី​ថ្ងៃទី​២៧ ខែធ្នូ ឥទ្ធិពល​ប្រព័ន្ធ​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន និង​ខ្យល់មូសុង​ឦសាន​នឹង​ចុះខ្សោយ​។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឱ្យ​៖ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០២៣ ធាតុអាកាស​នៅតាម​បណ្តា​ខេត្ត​ជាប់​ក្បែរ​នឹង​ភូមិសាស្ត្រ​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​បន្ត​ត្រជាក់​នៅពេល​ព្រឹក​។ ចាប់ពី​ថ្ងៃទី​២៧ ខែធ្នូ ធាតុអាកាស​ត្រជាក់​ថមថយ ជាមួយនឹង​សីតុណ្ហភាព​កើនឡើង​។​

១-​តំបន់​វាលទំនាប ៖
* សីតុណ្ហភាព​អប្បបរមា​ពី​១៧-២២°C និង​សីតុណ្ហភាព​អតិបរមា​ពី​២៧-២៩°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី​៤-៦​ម៉ែត្រ​/​វិនាទី​
* នៅ​ថ្ងៃទី​២៥-២៦ ខែធ្នូ ខេត្ត​ប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និង​ខេត្តសៀមរាប សីតុណ្ហភាព​អប្បបរមា​ពី ១៧-១៩°C​។​

២-​តំបន់​ខ្ពង់រាប ៖
* សីតុណ្ហភាព​អប្បបរមា​ពី​១៦-២១°C និង​សីតុណ្ហភាព​អតិបរមា​ពី​២៦-២៨°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន ក្នុង​ល្បឿន​ពី​៥-៧​ម៉ែត្រ​/​វិនាទី​
* នៅ​ថ្ងៃទី​២៥-២៦ ខែធ្នូ ខេត្ត​ឧ​ត្ត​រ​មានជ័យ មណ្ឌលគិរី ព្រះវិហារ និង​ខេត្តរតនគិរី សីតុណ្ហភាព​អប្បបរមា​ពី​១៦-១៨°C​។​

៣-​តំបន់​មាត់សមុទ្រ ៖
* សីតុណ្ហភាព​អប្បបរមា​ពី​២១-២៣°C និង​សីតុណ្ហភាព​អតិបរមា​ពី​២៨-៣០°C ហើយ​ខ្យល់​បក់​មកពី​ទិសឦសាន​ក្នុង​ល្បឿន​ពី​៥-៧​ម៉ែត្រ​/​វិនាទី​
* រលក​សមុទ្រ​មាន​កម្ពស់​ពី​១,៥០-២,០០ ម៉ែត្រ​។​

​ក្រសួង​បាន​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ថែរក្សា​សុខភាព ស្លៀក​សម្លៀកបំពាក់​ឱ្យបាន​គត់មត់ ដើម្បី​បង្ការ​ពី​ជំងឺ​ដ​ង្កា​ត់​នានា ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close